បរទេស៖ លោក Michael Gove ជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងបញ្ហាចាកចេញពី សហភាពអឺរ៉ុប សម្រាប់អង់គ្លេស បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នៅតែមានការខ្វែងគំនិតគ្នា រវាងប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុប ក្នុងកិច្ចពិភាក្សាស្តីពី កិច្ចព្រមព្រៀងជំនួញ ប៉ុន្តែទីក្រុងឡុងដ៍នឹង ប្រឹងប្រែងធ្វើការ ដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយ។
តាមសេចក្តីរាយការណ៍ លោក Michael Gove បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងសប្ដាហ៍នេះ កិច្ចពិភាក្សជុំទី៩ជាមួយសហភាពអឺរ៉ុប កំពុងតែប្រព្រឹត្តទៅ ហើយការខ្វែងគំនិតគ្នានៅតែមាននៅឡើយ ប៉ុន្តែយើងប្តេជ្ញាខិតខំ ធ្វើការសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយ នៅក្នុងរយៈពេលដែល លោកនាយករដ្ឋមន្ត្រីបានដាក់ចេញ”។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានកំណត់កាលផុតកំណត់ នៅថ្ងៃទី១៥ ខែតុលា សម្រាប់ការសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងជំនួញសេរីជាមួយសហភាពអឺរ៉ុប ដោយលោកនិយាយថា ប្រសិនបើកិច្ចពិភាក្សា ប្រព្រឹត្តទៅដោយគ្មាន ការវិវត្តរីកចម្រើននោះ ភាគីទាំងពីរគួរតែទទួលរឿងនោះ និងបន្តដំណើរទៅមុខ មានន័យថា អង់គ្លេសនឹងបញ្ចប់ការរៀបចំផ្លាស់ប្តូរ ដោយគ្មានកិច្ចព្រមព្រៀងជាមួយដៃគូជំនួញដ៏ធំបំផុតរបស់ខ្លួន៕
ប្រែសម្រួល៖ ប៉ាង កុង