បរទេស ៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានឈ្នះភាពជាប់គាំងផ្នែកការទូត ដើម្បីព្រមព្រៀងគ្នា ដាក់ទណ្ឌកម្មលើប្រទេសបេឡារុស នៅក្នុងជំនួបកំពូលមួយ ក្រោយកិច្ចពិភាក្សាគ្នាដ៏យូរ ដោយធានាចំពោះសាធារណរដ្ឋស៊ីបថា សហភាពអឺរ៉ុបប្រកាន់ជំហរ យ៉ាងរឹងមាំលើតួកគី សម្រាប់ការខួងប្រេងនិងឧស្ម័ន នៅសមុទ្រមេឌីទែរ៉ានេ ។
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានមួយដូច្នេះថា “យើងបានបំបាត់ការជាប់គំាង ក្នុងការដាក់ទណ្ឌកម្មលើប្រទេសបេឡារុសហើយ” ។ ចំណែកមន្ត្រីការទូតសហភាពអឺរ៉ុបមួយរូបផ្សេងទៀត បាននិយាយថា “វាជាការសម្របសម្រួលដ៏សមរម្យ” ប៉ុន្តែមិនបានផ្តល់ សេចក្តីលម្អិតបន្ថែមនោះទេ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដាក់ទណ្ឌកម្មមន្ត្រីបេឡារុសចំនួនប្រមាណ៤០នាក់ ដែលជាប់ចោទពីបទក្លែងបន្លំ លើការបោះឆ្នោតជ្រើសប្រធានាធិបតីកាលពីថ្ងៃទី០៩ខែសីហានោះ អនុញ្ញាតឲ្យសហភាពអឺរ៉ុបធ្វើបាន យ៉ាងល្អលើការសន្យារបស់ខ្លួន ក្នុងការគំាទ្រដល់បាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងមីនស្កិ៍ និងទទួលបានភាពគួរឲ្យជឿជាក់ខ្លះ ក្រោយពន្យារពេលជាច្រើនសប្ដាហ៍ ៕ ប្រែសម្រួល៖ប៉ាង កុង