ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកមានចំនួន ៣៤ លានករណី កាលពីថ្ងៃព្រហស្បតិ៍ ហើយចំនួនអ្នកស្លាប់ ក៏មានរហូតដល់ជាង ១លាននាក់ផងដែរ។
ទិន្នន័យរបស់ CSSE បានបង្ហាញថា ចំនួនករណីទូទាំងពិភពលោក បានកើនឡើងដល់ ៣៤,០៩២,៦៩៦នាក់ ដែលមានចំនួនអ្នកស្លាប់ ១,០១៦,០៥០នាក់ នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ១និង ២៣នាទីម្សិលមិញនេះ។
សហរដ្ឋអាមេរិក បានរាយការណ៍ពីករណី និងការស្លាប់ច្រើនបំផុតដែលមានចំនួន ៧,២៥២,៧០១ នាក់និង ២០៧,៣៣១ នាក់រៀងៗខ្លួន។ ប្រទេសឥណ្ឌាបានកត់ត្រាចំនួន ៦,៣១២,៥៨៤ ករណីដែលជាប់ចំណាត់ថ្នាក់ទី ២ នៅក្នុងតារាងពិភពលោក។
នៅក្នុងនោះដែរ ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ធំជាងគេទី ៣ លើពិភពលោកដោយមានចំនួន ៤,៨១០,៩៣៥ នាក់ និងចំនួនអ្នកស្លាប់ច្រើនជាងគេទី ២ មានចំនួន ១៤៣,៩៥២ នាក់។
យោងតាមមជ្ឈមណ្ឌលនេះ ប្រទេសដែលមានករណីជាង ៧៥ ម៉ឺននាក់ក៏រួមមានប្រទេសរុស្ស៊ី កូឡុំប៊ី ប្រទេសប៉េរូ អេស្ប៉ាញ និងអាហ្សង់ទីនខណៈប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ៣៥.០០០ នាក់រួមមានប្រទេសឥណ្ឌា ម៉ិកស៊ិក អង់គ្លេស និងអ៊ីតាលី ៕
ដោយ ឈូក បូរ៉ា