ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងថា មានក្រុមសកម្មប្រយុទ្ធស៊ីរី ៣០០នាក់ ត្រូវបានបញ្ជូនទៅទីក្រុង បាគូ តាមតួកគី

បរទេស៖ មុននេះរដ្ឋាភិបាលតួកគី បានច្រានចោលការចោទប្រកាន់ អំពីទាហានស៊ីឈ្នួលពីប្រទេសស៊ីរី ដែលកំពុងមានវត្តមាននៅក្នុងតំបន់ Karabakh ដែលជាកន្លែងដែលកម្លាំងអាមេនី និងអាសែបៃហ្ស៊បង់ បានធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងអស់រយៈពេល ជាច្រើនថ្ងៃរួចទៅហើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងកិច្ចប្រជុំ កំពូលសហភាពអ៊ឺរ៉ុប នៅថ្ងៃសុក្រថា ក្រុមសកម្មប្រយុទ្ធស៊ីរីចំនួន ៣០០ នាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងបាគូ តាមរយៈទីក្រុង Gaziantep របស់ប្រទេស តួកគី ដើម្បីប្រយុទ្ធនៅទីក្រុង Karabakh ។

លោក Macron បាននិយាយថា “ខ្ញុំអាចបញ្ជាក់បានថា យោងតាមទិន្នន័យរបស់យើងពួក សកម្មប្រយុទ្ធ ៣០០ នាក់បានចាកចេញពីប្រទេសស៊ីរីទៅដល់ ទីក្រុងបាគូ តាមរយៈ Gaziantep ។ ក្រុមសកម្មប្រយុទ្ធទាំងនេះ ត្រូវបានគេកំណត់អត្តសញ្ញាណ ពួកគេជាសមាជិកនៃក្រុមជីហាដ ដែលកំពុងប្រតិបត្តិការនៅក្បែរអាឡិបប៉ូ” ។

របាយការណ៍របស់ ទាហានស៊ីឈ្នួលពីប្រទេសស៊ីរី ដែលត្រូវបានជ្រើសរើស ដើម្បីប្រយុទ្ធនៅតំបន់ Karabakh បានលេចចេញមុននេះ ប៉ុន្តែមិនត្រូវបានផ្តល់ភស្តុតាង ជាក់លាក់ណាមួយឡើយ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top