ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ការពារជាតិថៃ បដិសេធពីភាពដែលអាចទៅរួច នៃរដ្ឋប្រហារយោធា

បរទេស៖ ប្រមុខកងកំលាំងការពារជាតិ ដែលទើបត្រូវបានតែងតាំង គឺលោកឧត្តមសេនីយ៍ Chalermpol Srisawasdi កាលពីថ្ងៃចន្ទ បាននិយាយដោយទទូចថា យោធានឹងមិនចូលរួមក្នុងនយោបាយទេ ហើយរដ្ឋប្រហារយោធា មិនស្ថិតនៅក្នុងគំនិតរបស់ពួកគេទេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Chalermpol Srisawasdi បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃច័ន្ទបន្ទាប់ពីកិច្ចប្រជុំលើកដំបូង នៃមេដឹកនាំថ្មីនៃកងកម្លាំងប្រដាប់អាវុធ ទាំងបីនិងកងរាជអាវុធហត្ថថៃ។

ក្នុងនោះក៏មានវត្តមានមេបញ្ជាការ កងទ័ពលោកឧត្តមសេនីយ៍ Narongphan Jitkaewtae មេបញ្ជាការកងទ័ពជើងទឹក Chartchai Sriworakhan មេបញ្ជាការកងទ័ពអាកាស ACM Airbull Suttiwan និងមេបញ្ជាការប៉ូលីសជាតិ លោកឧត្តមសេនីយ៍ Suwat Jangyodsuk ។

នៅពេលសួរអំពីតួនាទីរបស់យោធា នៅក្នុងនយោបាយ លោកឧត្តមសេនីយ៍ Chalermpol បាននិយាយថា នយោបាយពាក់ព័ន្ធនឹងការ គ្រប់គ្រងប្រទេសក្រោមច្បាប់ ហើយយោធាធ្វើជាយន្តការ របស់រដ្ឋាភិបាលក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ច។ នៅពេលសួរអំពីតួនាទីរបស់មេដឹកនាំ កងកម្លាំងប្រដាប់អាវុធក្នុងនាម ជាសមាជិកព្រឹទ្ធសភាលោកបាននិយាយថា ពួកគេគ្រាន់តែបម្រើក្នុងកំឡុងពេល ដែលគេហៅថារយៈពេលអន្តរកាល ៥ ឆ្នាំដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយពួកគេធ្វើទៅតាមធម្មនុញ្ញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top