ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកថា អាមេរិកមានផែនការបង្កើន នាវាមុជទឹកវាយប្រហារ ឱ្យដល់ ៨០ គ្រឿងនៅឆ្នាំ ២០៤៥

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក Mark Esper បានបង្ហាញផែនការ របស់មន្ទីរប៉ង់តាហ្គោន សម្រាប់ការបង្កើនចំនួនកងនាវាចរ ដែលស្នើឱ្យមាននាវាមុជទឹកវាយប្រហារ រហូតដល់ ៨០ គ្រឿង នៅក្នុងឆ្នាំ ២០៤៥ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Esper កាលពីថ្ងៃអង្គារថា “ យោងតាមសំណើរបស់យើង កងកំលាំងប្រយុទ្ធ ៤៥ នឹងមានចរិត៖ ទីមួយគឺកម្លាំងនាវាមុជទឹកធំជាង និងមានសមត្ថភាពជាងនេះ” ។
ការសិក្សាបានឈានដល់ការព្រមព្រៀង យ៉ាងច្បាស់ស្តីពីតំរូវការក្នុងការបង្កើន នាវាមុជទឹកវាយប្រហារ ក្នុងជម្លោះអំណាចដ៏ធំមួយនាពេលអនាគតដល់ចន្លោះពី ៧០ ទៅ ៨០ គ្រឿង នៅក្នុងកងនាវា។

លោក Esper បន្ថែមថា យ៉ាងហោចណាស់កងទ័ពជើងទឹកអាមេរិក គួរតែចាប់ផ្តើមសាងសង់នាវាមុជទឹកថ្មី Virginia-class ឱ្យបានលឿន គឺចំនួន ៣ គ្រឿង ក្នុងរយៈពេលមួយឆ្នាំ។

លោក Esper បាននិយាយថា សំណើនេះមានគោលបំណងឱ្យមាននាវា ដឹកមនុស្សនិងគ្មានមនុស្សបើក ចំនួនជាង ៥០០ គ្រឿងនៅក្នុងកងនាវាចរអាមេរិកនៅឆ្នាំ ២០៤៥ ក្នុងនោះមានទាំងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរពី ៨ ទៅ ១១ គ្រឿង និងនាវាដឹកយន្តហោះធុនស្រាលចំនួន ៦ គ្រឿង ដើម្បីរក្សាវត្តមានជាសកល ក្នុងជម្លោះជាមួយមហាអំណាច។

រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះ ក៏បានបញ្ជាក់ទៀតថា ផែនការនេះក៏ស្នើឱ្យមាននាវាប្រយុទ្ធតូចៗពី ៦០ ទៅ ៧០ គ្រឿង នៅឆ្នាំ ២០៤៥ ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top