ព័ត៌មានអន្តរជាតិ

អង់គ្លេស បារាំង និងអាល្លឺម៉ង់ គ្រោងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការបំពុលមេបក្សប្រឆាំងលោក Alexey Navalny

ឡុងដ៌៖ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់គ្រោងនឹងដាក់ទណ្ឌកម្ម ជាគោលដៅលើរុស្ស៊ីបន្ទាប់ពី អ្នកឃ្លាំមើលអាវុធគីមីអន្តរជាតិ បានបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny បានពុលជាមួយនឹងភ្នាក់ងារ សរសៃប្រសាទប្រភេទ Novichok ។

លោក Navalny ដែលជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះវិមានក្រឹមឡាំង បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ នៅលើជើងហោះហើរពីទីក្រុងស៊ីបេរី ទៅទីក្រុងមូស្គូ កាលពីថ្ងៃទី២០ ខែសីហា។

អង្គការហាមឃាត់អាវុធគីមី បានបញ្ជាក់ឲ្យដឹងថាសំណាកឈាម និងទឹកនោមដែលយកចេញពីលោក Navalny បានបង្ហាញពីវត្តមានរបស់ប្រភេទថ្នាំពុល Novichok ដែលជាក្រុមសរសៃ ប្រសាទនាសម័យសូវៀត។

នៅក្នុងនោះដែរភ្នាក់ងារសរសៃប្រសាទ Novichok ក៏ត្រូវបានគេប្រើក្នុងការវាយប្រហារនៅខែមីនា ឆ្នាំ២០១៨ លើអតីតចារកម្មរុស្ស៊ីលោក Sergei Skripal នៅទីក្រុង Salisbury អង់គ្លេស។

រដ្ឋមន្រ្តីការបរទេសបារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃពុធដោយថាពួកគេកំពុង ដាក់សំណើទៅដៃគូអឺរ៉ុបដែលផ្តោតលើ “បុគ្គលដែលត្រូវទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មនេះ និងរំលោភលើបទដ្ឋានអន្តរជាតិ” រួមទាំងមន្ត្រីរុស្ស៊ី និងអង្គភាពដែលពាក់ព័ន្ធនឹងអាវុធគីមី Novichok របស់ប្រទេសនេះផងដែរ ៕

ដោយ ឈូក បូរ៉ា

To Top