ព័ត៌មានអន្តរជាតិ

យុវជនវៀតណាមម្នាក់ លក់សង្សាររបស់ខ្លួន ដែលស្គាល់តាមអ៊ិនធ័រណិត ឱ្យជនជាតិចិនក្នុងតម្លៃ ១៥លានដុង

បរទេស៖ ប៉ូលីសនៅភាគខាងជើង ប្រទេសវៀតណាម បានឃាត់ខ្លួនបុរសអាយុ ២០ឆ្នាំម្នាក់កាលពីថ្ងៃអង្គារ ពីបទលក់សង្សាររបស់ខ្លួន ទៅឱ្យជនជាតិចិនម្នាក់ក្នុងតម្លៃ ១៥លានដុង (៦៤៥ ដុល្លារ) ។ ក្រោយមក យុវជនដែលគេស្គាល់ថាឈ្មោះ ត្រាន់ទៀនម៉ាន់ ត្រូវបានស៊ើបអង្កេតពីបទជួញដូរមនុស្ស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់ប៉ូលីសថា ត្រាន់ទៀនម៉ាន់ បានជួបនារីអាយុ ១៩ ឆ្នាំម្នាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានបង្កើតទំនាក់ទំនង ស្នេហាជាមួយនាង។ កាលពីថ្ងៃទី ១៧ ខែកក្កដា ត្រាន់ទៀនម៉ាន់ បានប្រាប់មិត្តស្រីរបស់ខ្លួនថា គាត់ចង់នាំនាងទៅប្រទេសចិន ដើម្បីទៅលេងម្តាយចិញ្ចឹម។

ប៉ុន្តែនៅពេលដែលអ្នកទាំងពីរ ទៅដល់តំបន់ព្រំដែនក្នុងទីប្រជុំជន ម៉ុងកៃ ខេត្តក្វាងនិញ គាត់បានលក់នាងអោយជនជាតិចិនម្នាក់ ដែលមិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណក្នុងតម្លៃ ១៥ លានដុង។ បន្ទាប់ពីស្នាក់នៅប្រទេសចិន អស់រយៈពេល ២ខែ មិត្តស្រីរបស់យុវជនខាងលើបានរត់គេចខ្លួន ហើយវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។ នាងបានរាយការណ៍រឿងនេះទៅប៉ូលីស។

នៅប្រទេសចិន នាងធ្វើជាភរិយារបស់ បុរសជនជាតិចិន ប៉ុន្តែនាងត្រូវបានគេចាត់ទុក ដូចជាអ្នកទោស ហើយមិនត្រូវបានអនុញ្ញាត ឱ្យចេញទៅក្រៅផ្ទះទេ ប៉ុន្តែនាងឆ្លៀតយកឱកាសរត់ គេចខ្លួនបានសម្រេច ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top