បរទេស៖ ក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី ដូចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងអំឡុងពេលព្យុហយាត្រាយោធា ដែលរំពឹងថា នឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចំពេលមានការលំបាកផ្នែកសេដ្ឋកិច្ច។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងក្រសួងបង្រួបបង្រួម បាននិយាយនៅក្នុងរបាយការណ៍មួយ ទៅកាន់សវនកម្មសភាថា ក្រសួងបាននិយាយថា អាវុធថ្មីផ្សេងទៀត ដែលកូរ៉េខាងជើង អាចបង្ហាញបានរួមមាន រថយន្ដដឹកជើងទម្រមីស៊ីល និងកាំជ្រួចមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹក (SLBM) ។ ក្បួនដង្ហែត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃគណបក្សពលករកំពុងកាន់អំណាច។
ក្រសួងបាននិយាយថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំ និងព្រឹត្តិការណ៍ដទៃទៀត ដើម្បីប្រារព្ធពិធីខួបលើកទី ៧៥ នៃការបង្កើតគណបក្សនៅសប្តាហ៍នេះ ក្នុងគោលបំណង ដើម្បីបង្រួបបង្រួមឯកភាពជាតិ និងស្ថិតនៅក្បែរជួរគណបក្ស។
របាយការណ៍នេះ បានបន្ថែមទៀតថា“ មានលទ្ធភាពមួយ ដែលកូរ៉េខាងជើង អាចនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី ដូចជាមីស៊ីលផ្លោងអន្តរទ្វីបថ្មី ឬមីស៊ីលផ្លោងឆ្លងទ្វីប ដើម្បីទាក់ទាញចំណាប់អារម្មណ៍ នៅពេលដែលសមិទ្ធិផលសេដ្ឋកិច្ចរបស់ខ្លួន មានដំណើរការយឺត” ។
ប្រទេសកូរ៉េខាងជើង មាននិន្នាការប្រារព្ធខួបលើកទី ៥ ឬ ១០ ជាមួយព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាការបង្កហេតុ ផ្នែកយោធារួមទាំងការបាញ់មីស៊ីល ឬព្យុហយាត្រាកងទ័ពអាវុធយុទ្ធសាស្ដ្រ ដែលទើបនឹងបង្កើតថ្មី និងផ្នែករឹងយោធាដទៃទៀត៕ ប្រែសម្រួលៈ ណៃ តុលា