ព័ត៌មានអន្តរជាតិ

តួកគី បដិសេធការប្រើប្រាស់ ប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី ដើម្បីចាប់យន្តហោះចម្បាំង F-16 របស់ក្រិក

បរទេស៖ ឯកអគ្គរដ្ឋទូតតួកគី ប្រចាំសហរដ្ឋអាមេរិក លោក Serdar Kilic បានច្រានចោលការ ចោទប្រកាន់ដែលថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានប្រើប្រព័ន្ធការពារដែនអាកាស S-400 ដែលបានទិញពីប្រទេសរុស្ស៊ី ដើម្បីរកចាប់យន្តហោះចម្បាំង F-16 របស់ក្រិកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅពេលពួកគេកំពុងវិលត្រឡប់ពីសមយុទ្ធដែលកំពុងធ្វើឡើង នៅប្រទេសបារាំង អ៊ីតាលី និងប្រទេស Cyprus នៅចុងខែសីហា ឆ្នាំ ២០២០ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Kilic ក្នុងពេលថ្លែងសុន្ទរកថា នៅក្នុងសន្និសីទដែលរៀបចំដោយអង្គការមិនស្វែងរកប្រាក់ចំណេញ ក្រុមប្រឹក្សាកិច្ចការពិភពលោកថា “វាមិនមានបញ្ហាទេ។ សូម្បីតែ [S-400s] ត្រូវបានគេធ្វើតេស្ត៍ក៏ដោយ យើងក្នុងនាមជាសមាជិកអង្គការណាតូ នឹងសម្របសម្រួលសកម្មភាពបែបនេះតាមរយៈ បណ្តាញយោធារបស់សម្ព័ន្ធមិត្ត” ។

ប្រេសិតតួកគីរូបនេះ បានរំលឹកជាថ្មីម្តងទៀតថា តួកគីមានសិទ្ធិការពារខ្លួនហេតុដូចនេះ ហើយមានសិទ្ធិក្នុងការទិញ ប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ឈប់ការលក់ Patriots អស់រយៈពេលជាង ៣ ឆ្នាំ។ លោកបានបន្ថែមទៀតថាការព្រួយបារម្ភអំពី សន្តិសុខរបស់ប្រទេសតួកគីមានជាប់ទាក់ទងនឹងការរីករាលដាល នៃអ្វីដែលលោកហៅថា“ អាវុធប្រល័យលោក” ដោយមិនចាំបាច់និយាយលម្អិតទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top