បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូប តាមសេចក្តីរាយការណ៍ បានជំរុញឲ្យក្រសួងការបរទេសដាក់ទណ្ឌកម្មប្រទេសតួកគី សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ក្រោយមានរបាយការណ៍មួយថា តួកគីបានប្រើប្រព័ន្ធអាវុធនោះ ចាប់សញ្ញាយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក។
សមាជិកព្រឹទ្ធសភាអាមេរិក លោក Chris Van Hollen និងលោក James Lankford នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជូនលិខិតមួយទៅឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដោយជំរុញឲ្យលោកដាក់ទណ្ឌកម្មប្រទេសតួកគី និងទាមទារការឆ្លើយតបផ្អែកលើរបាយការណ៍នោះ។
គួរបញ្ជាក់ថា គេហទំព័រកក្រិក ekathimerini.com បានរាយការណ៍កាលពីថ្ងៃចន្ទដោយបង្ហាញថា តួកគីបានដំណើរការរ៉ាដានៃប្រព័ន្ធបាញ់មីស៊ីលពីដីទៅក្នុងអាកាស ដើម្បីតាមដានចាប់សញ្ញាយន្តចម្បាំងក្រិក F-16 ផលិតដោយអាមេរិក ក្នុងខណៈយន្តហោះទាំងនោះ វិលត្រឡប់ពីសមយុទ្ធយោធានៅអឺរ៉ុប កាលពីខែសីហា៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/10/84DB181B-9BA9-42E4-8155-A19E3573165B.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/AAC5BCF7-837C-47F6-8122-E91A2DF6D62C.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)