ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្ហាញមីស៊ីលផ្លោង ឆ្លងទ្វីប ក្នុងពិធីព្យុហយាត្រាយោធា

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបង្ហាញមីស៊ីលផ្លោង ឆ្លងទ្វីប ដែលមិនធ្លាប់ឃើញពីមុន នៅក្នុងពិធីព្យុហយាត្រា មុនព្រឹកព្រលឹមមិនធ្លាប់មាន នៅថ្ងៃសៅរ៍នេះ ហើយនេះគឺជា ការបង្ហាញមីស៊ីល វាយប្រហារ ក្នុងរយៈចម្ងាយឆ្ងាយ របស់ប្រទេស សម្រាប់ជាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំ។

អ្នកវិភាគបាននិយាយប្រាប់ថា មីស៊ីលដែលបានបង្ហាញ នៅលើរថយន្តដឹកមួយគ្រឿង មានអ័ក្ស១១នោះ នឹងជាកំាជ្រួចមីស៊ីលឆ្លងទ្វីប ចល័តលើដងផ្លូវដ៏ធំបំផុត នៅលើពិភពលោក ប្រសិនបើមីស៊ីលនោះដាក់ដំណើរការ។

ក្រៅពីនេះ វាក៏បង្ហាញមីស៊ីល Hwasong-15 ជាមីស៊ីល វាយប្រហារក្នុងចម្ងាយ ដ៏ឆ្ងាយបំផុត ដែលកូរ៉េខាងជើងធ្លាប់តេស្ត សាកល្បង និងអ្វីដែលហាក់ជាមីស៊ីលផ្លោង បាញ់ចេញពីនាវា មុជទឹកថ្មីមួយ។

គួរបញ្ជាក់ថា នៅមុនព្យុហយាត្រាយោធា ដែលប្រារព្ធដើម្បីអបអរ គម្រប់ខួបលើកទី៧៥ នៃការបង្កើតបក្សពលករកូរ៉េនេះ មន្ត្រីនៅប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា លោក គីម ជុងអ៊ុន អាចនឹងប្រើប្រាស់ ព្រឹត្តិការណ៍នោះ បង្ហាញអាវុធយុទ្ធសាស្ត្រថ្មី តាមការសន្យា កាលពីដើមឆ្នាំនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top