ព័ត៌មានអន្តរជាតិ

វិភាគ: អាមេរិកក្តៅក្រហាយ នឹងកូរ៉េខាងជើង ដែលអួតសម្ញែង មីស៊ីលបាលីស្ទិកអន្តរទ្វីបខ្នាតធំ


បច្ចុប្បន្នភាព
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញអារម្មណ៍ខឹងក្រេវ ក្រោធ និងក្តៅក្រហាយយ៉ាងខ្លាំង ចំពោះមេដឹកនាំកំពូល របស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានអួតសម្ញែង មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ខ្នាតធំរបស់ខ្លួនក្នុងទិវាបុណ្យជាតិ ។កំហឹងក្រេវក្រោធ របស់លោក ត្រាំ បានកើតឡើងក្រោយ ពីកូរ៉េខាងជើង បានធ្វើក្បួនព្យុហយាត្រាយោធា ទ្រង់ទ្រាយធំមួយ កាលពីថ្ងៃសៅរ៍ ទី១០ ខែតុលានេះ ក្នុងទិវាខួបលើកទី៧៥ឆ្នាំនៃការបង្កើតគណបក្សពលករឡើង ដែលជាបក្សកាន់អំណាចបច្ចុប្បន្ននេះ ។

មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានិយាយថា ខ្លួនខកចិត្តយ៉ាងខ្លាំងចំពោះទង្វើអួតសម្ញែង ICBM របស់កូរ៉េខាងជើង ខណៈពេលដែលការចរចា ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយអាវុធ នុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ នៅតែជាប់គាំងនៅឡើយ ។

មន្ត្រីដដែលបានបន្តថា វាជារឿងខកចិត្តមួយ ដែលបានឃើញកូរ៉េខាងជើង បន្តផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍ នុយក្លេអ៊ែរ និងមីស៊ីលប៉ាលីស្ទីក ដែលជាអាវុធហាមឃាត់ដោយអន្តរជាតិ ហើយសហរដ្ឋអាមេរិក ចង់ឃើញកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល របស់ខ្លួន ទាំងស្រុងនៅពេលខាងមុខ ។

មេដឹកនាំ របស់សហរដ្ឋអាមេរិក ក៏បានអំពាវនាវ អោយមេដឹកនាំកូរ៉េខាងជើងបោះបង់ចោល នូវមហិច្ឆិតា ផលិតអាវុធមហាប្រល័យ និងវិលត្រលប់ចូលតុកិច្ចចរចាជាមួយសហរដ្ឋអាមេរិ ក្នុងគោលដៅធ្វើយ៉ាងណាសម្រេចឲ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ។

ក្រុមអ្នកវិភាគ បានលើកឡើងថា មីស៊ីលអន្តរទ្វីប (ICBM) ថ្មីដ៏ធំ ដែលត្រូវបានអួតបង្ហាញដោយកូរ៉េខាងជើង គឺជាតឹកតាងបង្ហាញ យ៉ាងច្បាស់ថា របបទីក្រុងព្យុងយ៉ាង បានបន្តអភិវឌ្ឍន៍ ឃ្លាំងអាវុធរបស់ខ្លួន ទាំងនៅក្នុងអំឡុងពេល ចរចាជាមួយទីក្រុងវ៉ាស៊ីតោន ហើយ ដោយមើលឃើញបែបនេះ ក្រុមអ្នកវិភាគយល់ថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង គួរតែឆាប់រៀបចំឲ្យ បានលឿនតាមដែលអាច ធ្វើទៅបាន ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៨ និង២០១៩កន្លងទៅ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នារហូតដល់៣លើកក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយ វិបត្តិ នុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្តែត្រូវជំនួបទាំង៣លើកត្រូវទទួលបរាជ័យ ។

ជំនួបលើកដំបូង រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើង នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយមេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោល ដើម្បីមានជំនួបលើកទី២បន្តទៀត ។

ក្នុងជំនួបលើកទី១នោះ ខាងលោក ត្រាំ បានសន្យាថា សហរដ្ឋអាមេរិក នឹងផ្អាកធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំរួមគ្នាជាមួយ កូរ៉េខាងត្បូង ហើយលោក គីម ជុងអ៊ុន បានសន្យាថា កូរ៉េខាងជើង នឹងផ្អាកសាកល្បងមីស៊ីល និងនុយក្លេអ៊ែបន្តទៀតហើយ ។

North Korean leader Kim Jong Un walks with President Trump north of the military demarcation line that divides North and South Korea, in the Joint Security Area of Panmunjom in the Demilitarized Zone, on Sunday.

ចាប់ពីពេលនោះមក ទាំងភាគីខាងសហរដ្ឋអាមេរិក និងខាងកូរ៉េខាងជើង ពិតជាបានគោរពតាមការសន្យា របស់ខ្លួនមែន ដែលធ្វើអោយភាគីទាំង២ ហាក់ដូចជាជឿជាក់លើគ្នាទៅវិញទៅមក និងមានសង្ឃឹមក្នុងការចាប់ផ្តើម កិច្ចចរចាបន្តទៀត ។

នៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង បានជួបចរចាគ្នាម្តងទៀត នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងបំណងនិយាយគ្នាស៊ីជម្រៅ លើការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល របស់កូរ៉េខាងជើង ។

ចំណែកកូរ៉េខាងជើង ក៏មានបំណងអោយ សហរដ្ឋអាមេរិក ធានាសន្តិសុខ និងដកទណ្ឌកម្មសេដ្ឋកិច្ ចទាំងស្រុងចេញដែរ ដែលជាថ្នូរនឹងការរំសាយ កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ដោយផ្អែកលើកិច្ចព្រមព្រៀង រវាងភាគីទាំងពីរ ។

ជំនួបលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយប្រទេសវៀតណាម ត្រូវបរាជ័យទាំងស្រុង ដោយសារភាគីទាំង២មិនឯកភាពគ្នាលើចំណុច១ គឺការរំសាយកម្មវិធីនុយក្លេអ៊ែរ និងការដកទណ្ឌកម្ម ។

ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន លើកទី៣ ត្រូវបានធ្វើឡើងយ៉ាងតក់ក្រហល់នៅតំបន់ស្ងប់សឹក ផាន មុមចុន ដែលជាតំបន់ព្រំដែន រវាងកូរ៉េខាងជើង និងខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ។

កូរ៉េខាងជើង ចង់អោយអាមេរិក ដកទណ្ឌកម្មសេដ្ឋកិច្ ចចេញពីខ្លួនជាដំណាក់កាល ទៅតាមល្បឿន នៃការរំសាយកម្មវិធី នុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ដោយភាគីទាំងពីរនឹងចរចាបន្តរហូត ដល់កូរ៉េខាងជើង រំសាយទាំងស្រុង និងអាមេរិកដកទណ្ឌកម្មទាំងស្រុងដែរ ។

ប៉ុន្តែសហរដ្ឋអាមេរិក មិនចង់បានដូច កូរ៉េខាងជើងទេ គឺអាមេរិកចង់អោយ កូរ៉េខាងជើង រំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនទាំងស្រុងសិន ទើបអាមេរិក នឹងដកទណ្ឌកម្ម ទាំងស្រុងចេញពី ប្រទេសនេះ តែកូរ៉េខាងជើងមិនព្រម ។

ដោយសារតែភាគីទាំង២ មិនឯកភាពគ្នានេះហើយ ទើបកិច្ចចរចា ត្រូវបានជាប់គាំងចាប់តាំងពីពេលនោះមក ដោយភាគីទាំង២ បានត្រឹមតែបង្ហាញជំហរ ចង់ជួបចរចាបន្តទៀត ប៉ុន្តែមិនបានដាក់ កាលបរិច្ឆេទ ជាក់លាក់ក្នុងការចាប់ផ្តើម កិច្ចចរចានោះទេរហូតដល់ បច្ចុប្បន្ននេះ ៕

ដោយ៖ អ៊ី ជិន

To Top