ប៊ែកឡាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា យោងតាមការការលើកឡើង របស់អ្នកនាំពាក្យមួយរូប មកពីការិយាល័យប្រធានាធិបតីបានឲ្យដឹងថា លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានត្រូវដាក់ឲ្យនៅដាច់ ដោយឡែក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអង្គរក្សម្នាក់ក្នុងចំណោមអង្គរក្ស របស់គាត់បានធ្វើតេស្ត ហើយរកឃើញថា លទ្ធផលវិជ្ជមាននៃវីរុសបង្កជំងឺកូវីដ១៩ ។
ការធ្វើតេស្តលើកដំបូងរបស់លោក Steinmeier មានលទ្ធផលអវិជ្ជមាន ។ ការធ្វើតេស្តបន្តទៀត ត្រូវបានធ្វើឡើងនៅក្នុងពេលដ៏ខ្លីខាងមុខ ។
វិទ្យាស្ថាន Robert Koch Institute ដែលជាទីភ្នាក់ងារទប់ស្កាត់ និងត្រួតពិនិត្យជំងឺរបស់ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ អាល្លឹម៉ង់ បានកត់ត្រាឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧.៨៣០នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនេះជាតួលេខខ្ពស់បំផុត ប្រចាំថ្ងៃចាប់តាំងពីប្រទេសចាប់ផ្តើមឆ្លងជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា