ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងបារ៉ែន ធ្វើប្រក្រតីឡើងវិញ នូវចំណងមិត្តភាពការទូត

បរទេស៖ ប្រទេសអ៊ីស្រាអែល និងបារ៉ែន តាមសេចក្តីរាយការណ៍ ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតចំណងទាក់ទង ការទូតជាផ្លូវការ បន្ទាប់ពីមានកិច្ចចរចាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ត្រួសត្រាយផ្លូវឆ្ពោះទៅរកការ ចុះហត្ថលេខាលើសន្តិសញ្ញាសន្តិភាព។

ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Meir Ben-Shabbat និងរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif bin Rashid al-Zayani បានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ជាប្រវត្តិសាស្ត្រស្តីពីការបង្កើតចំណងមិត្តភាពការទូត ប្រកបដោយសន្តិភាពនិងមិត្តភាព ដោយមានរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Steven Mnuchin ចូលរួមមើល កាលពីថ្ងៃអាទិត្យ នៅក្នុងអំឡុងពិធីក្នុងទីក្រុង Manama ប្រទេសបារ៉ែន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀងនោះ ធ្វើឲ្យប្រទេសបារ៉ែន ក្លាយជាប្រទេសអារ៉ាប់ទី៤ ដែលបានធ្វើចំណងមិត្តភាព ជាមួយអ៊ីស្រាអែលឲ្យមានភាពប្រក្រតី និងជាកិច្ចព្រមព្រៀងទីពីរ ក្នុងពេលតែប៉ុន្មានសប្ដាហ៍ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top