ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ហៅទណ្ឌកម្មអាមេរិក លើគម្រោង Nord Stream 2 ថាជាទង្វើអមិត្ត និងប្រកបដោយហាយនភាព

បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលផ្តោតគោលដៅ លើគម្រោងបំពង់ទុយយោឧស្ម័ន Nord Stream 2 នោះ គឺជាទង្វើអមិត្ត និងប្រកបដោយហាយនភាព។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងប្រគល់របាយការណ៍មួយទៅឲ្យរដ្ឋសភា ស្តីពីពីទណ្ឌកម្មប្រឆាំងនាវានានា ដែលចូលរួមពាក់ព័ន្ធ ក្នុងដំណើរដាក់ពង្រាយទុយយោ សម្រាប់គម្រោង Nord Stream 2។

គួរបញ្ជាក់ថា ការកសាងបំពង់ទុយយោគម្រោង Nord Stream 2 មានចម្ងាយ១.២៣០គីឡូម៉ែត្រ ទៅកាន់ប្រទេសអាល្លឺម៉ង់ គឺជិតសម្រេចរួចរាល់ទាំងស្រុងហើយ ដោយនៅសល់ចម្ងាយចុងក្រោយ ប្រហែល១២០គីឡូម៉ែត្រ នៅដែនទឹករបស់ប្រទេសដាណឺម៉ាក។

ការងារនោះ បានបញ្ឈប់នៅក្នុងខែធ្នូ បន្ទាប់ពីក្រុមហ៊ុន ដាក់ពង្រាយបំពង់ទុយយោ Swiss-Dutch Allseas បានផ្អាកប្រតិបត្តិការរបស់ខ្លួន ព្រោះតែទណ្ឌកម្មសហរដ្ឋអាមេរិក ផ្តោតគោលដៅ លើក្រុមហ៊ុននានាដែលផ្តល់នាវា ៕ ប្រែសម្រួល៖ប៉ាង កុង

To Top