ព័ត៌មានអន្តរជាតិ

អូស្រ្តាលី នឹងផ្តល់ថវិកាជាង ៧ម៉ឺនដុលា្លរ ដល់វៀតណាម សម្រាប់ជំនួយមនុស្សធម៌ ជាបន្ទាន់ដោយសារទឹកជំនន់

បរទេស៖ ប្រទេសអូស្រ្តាលីនឹងផ្តល់ថវិកាចំនួន ១០០ ០០០ ដុល្លារអូស្រ្តាលី ឬស្មើនឹង៧១ ៣៩០ ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម។ ជំនួយត្រូវបានប្រកាសនៅថ្ងៃសុក្រដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅប្រទេសវៀតណាមលោក Robyn Mudie ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់កណ្តាលរបស់វៀតណាម ត្រូវបានវាយប្រហារដោយព្យុះត្រូពិកជាប់ៗគ្នា ភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ ទឹកជំនន់ និងការបាក់ដី ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ និងត្រូវបានគេលើកឡើងថា ជាគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងប៉ុន្មានទសវត្សដែលបានសម្លាប់មនុស្សយ៉ាងហោច ១១៧ នាក់និងបាត់ខ្លួន ២១ នាក់។

អ្នកស្លាប់រួមមានសមាជិកចំនួន ៣៥ នាក់នៃក្រុមយោធាពីរផ្សេងគ្នា ដែលបានមកជួយសង្គ្រោះជនរងគ្រោះដោយការបាក់ដីនៅខេត្ត Thua Thien-Hue និងជួយសង្កាត់ដែលរងគ្រោះ ដោយការបាក់ដីនៅក្នុងខេត្ត Quang Tri ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រជាជនជាង ១៧៨ ០០០ គ្រួសារនៅក្នុងតំបន់នេះបានរងផលប៉ះពាល់ដោយទឹកជំនន់កម្ពស់ ២ ម៉ែត្រ សាលារៀនចំនួន ៣៦២ ត្រូវបានខូចខាត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top