បរទេស៖ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ទំនាក់ទំនងរវាងប្រធានាធិបតី បារាំងនិងតួកគី មានភាពតានតឹង ដោយសារតែការប៉ះទង្គិច ផលប្រយោជន៍ នៅសមុទ្រមេឌីទែរ៉ាណេ ខាងកើត ហើយនឹងកាន់តែយ៉ាប់យ៉ឺន ថែមទៀត បន្ទាប់ពីសេចក្តីថ្លែងការណ៍ របស់លោក Macron ប្រឆាំងនឹងឥស្លាមរ៉ាឌីកាល់ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការផ្សាយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានអំពាវនាវ ដល់ប្រជាជនតួកគី កុំឲ្យទិញទំនិញរបស់បារាំង ។
លោក Erdogan បានថ្លែងនៅក្នុងសុន្ទរកថាមួយ ដែលលោកថ្លែងនៅទីក្រុងអង់ការ៉ាថា «យើងឃើញថា ការប្រមាថប្រឆាំងនឹងអ៊ីស្លាមរបស់លោក Macron និងភេរវកម្មប្រកាន់ពូជសាសន៍ គឺជាការគំរាមកំហែង ដល់សន្តិសុខជាតិរបស់យើង ហើយនេះគឺជាអ្វីដែលយើងត្រូវបានណែនាំ នៅពេលយើងធ្វើផែនការ របស់យើង ហើយតួកគីនឹងចាត់វិធាការឆ្លើយតប ប្រសិនចាំបាច់» ។
ជាងនេះទៅទៀត លោក Erdogan ក៏បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិឱ្យ “ការពារប្រជាជនម៉ូស្លីម នៅប្រទេសបារាំង ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ ដោយសារជំនឿរបស់ពួកគេ” និងបញ្ឈប់យុទ្ធនាការ “បង្កើតការស្អប់ខ្ពើម” របស់លោក Macron ផងដែរ ។
សូមជម្រាបថា ការប្រកាសនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉ារីស បានបដិសេធការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ របស់រដ្ឋាភិបាលទីក្រុង អង់ការ៉ា ចំពោះសេចក្តីថ្លែងការណ៍ របស់លោក Macron ប្រឆាំងនឹងសាសនា អ៊ីស្លាម រ៉ាឌីកាល់ ហើយបារាំង បានកោះហៅឯកអគ្គរដ្ឋទូត របស់ខ្លួនប្រចាំប្រទេសតួកគី ដើម្បីធ្វើការពិគ្រោះយោបល់ថែម ទៀតផង ៕
ប្រែសម្រួលៈ ណៃ តុលា