ព័ត៌មានអន្តរជាតិ

លោក Pompeo នឹងស្វែងរកមធ្យោបាយថ្មីបង្កើត សហប្រតិបត្តិការជាមួយ ឥណ្ឌូនេស៊ីនៅសមុទ្រចិនខាងត្បូង


បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីបង្កើតសហប្រតិបត្តិការនៅដែនសមុទ្រចិនខាងត្បូង ជាមួយប្រទេសឥណ្ឌូនេស៊ី និងគោរពកិច្ចប្រឹងប្រែងរបស់ទីក្រុងចាកាតា ក្នុងកិច្ចការពារដែនទឹករបស់ខ្លួន ទន្ទឹងនឹងការច្រានចោលការអះអាងកម្មសិទ្ធិក្នុងតំបន់មិនស្របច្បាប់របស់ចិន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយលោក Retno Marsudi ជារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ំMike Pompeo បានធ្វើការកោតសរសើរសកម្មភាពឥតរារែករបស់ទីក្រុងចាកាតា ការពារអធិបតេយ្យភាពរបស់ខ្លួននៅដែនទឹកជិតក្រុមកោះ ដែលប្រទេសចិនក៏អះអាងថាជាទឹកដីរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅប្រទេសឥណ្ឌូនេស៊ី គឺត្រូវបានធ្វើឡើងស្របពេលដំណើរទស្សនិច្ចប្រទេសចំនួន៥នៅតំបន់អាស៊ី ជាទីដែលលោកស្វះស្វែងពង្រឹងចំណងមិត្តភាពយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច ក្នុងខណៈមានភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន៕ប្រែសម្រួល៖ប៉ាង កុង

To Top