កាលពីថ្មីៗកន្លងទៅនេះ ប្រមុខការទូតកំពូលនៃម្ចាស់ BRI និងIndo-Pacific បានផ្ដើមទស្សនកិច្ច ប្រទេសមួយចំនួន នៅក្នុង អាស៊ាននិង តំបន់អាស៊ីខាងត្បូង បានធ្វើអោយមានជំនន់និងខ្យល់ព្យុះ នយោបាយ ហូរស្រោចស្រពនិងបក់បោក ទៅលើប្រទេសទាំងនោះ បង្កើតអោយមានជនរងគ្រោះ ជំនន់ខាងនយោបាយ នៅក្នុងប្រទេសទាំងនោះ ហើយបន្ទាប់ទៅទៀត អាចនឹងមានព្យុះបក់បោកនយោបាយ ចាប់ពីចុងឆ្នាំ២០២០នេះតទៅ។
ថ្មីៗនេះលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ដែលគេចាត់ទុកថា ជាប្រមុខការទូតកំពូល របស់ BRI បានផ្ដើមទស្សនកិច្ចមកកាន់ ប្រទេស ជាសមាជិកអាស៊ាន ដូចជាកម្ពុជា ថៃ និងឥណ្ឌូនេស៊ី ជាដើម បន្ទាប់មកប្រមុខការទូត កំពូលរបស់អាមេរិក និងជាមេដឹកនាំ Indo-Pacific បានផ្ដើមទស្សនកិច្ច នៅប្រទេសឥណ្ឌា សិរីលង្ការ ឥណ្ឌូនេស៊ី និងវៀតណាម ដោយដំណើរទស្សនកិច្ច បានបញ្ចប់ នៅត្រឹម ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះ ក្រសួងការទេសអាមេរិក ក៏ដូចជាសេចក្ដីថ្លែងការណ៍ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច បានវាយប្រហារចិនយ៉ាងខ្លាំង ជាពិសេស នយោបាយBRI។ ដោយឡែកដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសចិន ផ្ដោតលើការពង្រឹង កិច្ចសហប្រតិបត្តិការ នយោបាយ សេដ្ឋកិច្ច និងការធានាអធិបតេយ្យភាព របស់ប្រទេសជាមិត្តរបស់ខ្លួន មិនអោយ Indo-Pacific (អាមេរិក អូស្ដ្រាលី ឥណ្ឌា និងជប៉ុន) និងសម្ព័ន្ធមិត្ត ដែលមានវៀតណាម និងសឹង្ហបុរី ចេញមុខខ្លាំងជាងគេ បង្ករព្យុះភ្លៀងបានឡើយ ។
បើតាមអ្នកវិភាគ មហាអំណាចទាំងពីរនេះ នឹងប៉ះទង្គិចគ្នា កាន់តែខ្លាំង លើសង្គ្រាមការទូត ការគម្រាមកំហែងសេដ្ឋកិច្ច និងការកំញើញ សព្វាវុធដាក់គ្នា ចាប់ពីពេលនេះតទៅ។ អ្នកវិភាគបានលើកឡើងថា ឥឡូវនេះប្រទេសទាំងនោះ បានកំពុងកើតឡើង ដែលសហរដ្ឋអាមេរិក តាមរយៈបណ្ដាញចារកម្ម ស៊ី អាយ អេ(CIA) និងអង្គការក្រៅរដ្ឋាភិបាលរបស់គេ កំពុងចាប់ផ្ដើមដុតកំឡោច តាមរយៈដែលធ្វើអោយប្រទេសទាំងនោះ កើតចលាចល ដែលរដ្ឋាភិបាល នៃប្រទេសទាំងនោះ ចាំបាច់ ត្រូវតែទប់ទល់ គ្រប់មធ្យោបាយ កុំអោយផែនការរបស់អាមេរិក សម្រេចបាន។ កន្លងមកយើងធ្លាប់ឃើញហើយថា សហរដ្ឋអាមេរិក ធ្លាប់គៀងគរ ប្រទេសនៅក្នុងអាស៊ានបង្កើត អង្គការ សេអាតូ (SEATO) ដើម្បីទប់ទល់ឥទ្ធិពលកុម្មុយនិស របស់សូវៀត និងចលនាមិនចូលបក្សសម្ព័ន្ធរបស់ចិន ដែលកម្ពុជាដោយផ្អែកលើ ភូមិសាស្រ្តនយោបាយ ត្រូវតែនៅក្នុងចលនា មិនចូលបក្សសម្ព័ន្ធ ដោយមានចិនជាអ្នកផ្ដួចផ្ដើម។ ក្រោយពីអង្គការ សេអាតូ(SEATO) មិនអាចចេញរូបរាង សហរដ្ឋអាមេរិកងាកមកបង្កើត សមាគមអាស៊ាន នៅខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីទប់ទល់ឥទ្ធិពល របស់សហភាពសូវៀត ដែលចូលមកដល់ អតីតឥណ្ឌូចិន និងប្រទេសចិន។
ក្រោយពីសង្គ្រាមត្រជាក់បានបញ្ចប់ លែងមានសូវៀត លែងមានឥណ្ឌូចិន និងការងើបឡើង នៃមហាអំណាចពហុវិស័យ របស់ចិន សហរដ្ឋអាមេរិក នៅដើម ស.វ ទី២១នេះ បានបង្កើត Indo-Pacific នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងដាក់ណាង ប្រទេសវៀតណាម ដើម្បីទប់ទល់និងបំផ្លាញ មហាអំណាចចិនដែលទើបរះថ្មី ដែលបានដាក់ចេញនយោបាយ BRI (ផ្លូវនិងខ្សែក្រវ៉ាត់) នាខែកញ្ញា ឆ្នាំ២០១៣ នៅប្រទសកាហ្សាក់ស្ថាន ដោយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិន ដែលបណ្ដាប្រទេសមកពីអាស៊ី និងអឺរ៉ុប ព្រមទាំងមជ្ឃិមបូពា៍ ក្នុងនោះប្រទេសកម្ពុជា ក៏ជាសមាជិកស្ថាបនិកផងដែរ។នៅក្នុងភូមិសាស្រ្តនយោបាយ កម្ពុជាពិតជាសម្រេចចិត្ត ដ៏ត្រឹមត្រូវបំផុត ដូចដែលកម្ពុជា ជាសមាជិកស្ថាបនិកចលនា មិនចូលបក្សសម្ព័ន្ធ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសា ឆ្នាំ១៩៥៥ ហើយដែលនៅខែធ្នូ ឆ្នាំ១៩៥៦ ព្រះប្រមុខរដ្ឋកម្ពុជា ឯករាជ្យ បំពេញព្រះរាជទស្សនកិច្ច នៅប្រទេសចិន។
អ្នកវិភាគបាននិយាយថា ដោយផ្អែកលើភូមិសាស្រ្តនយោបាយ ប្រទេសកម្ពុជា ត្រូវតែស្ថិតនៅក្នុងសម្ព័ន្ធមិត្ត ដ៏មហាជិតស្និទ្ធជាមួយនឹងប្រទេសចិន ដោយឡែកសហរដ្ឋអាមេរិក បើទោះបីកម្ពុជា ខំរក្សាលំនឹង អោយមានតុល្យភាព យ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែចាត់ទុកថា កម្ពុជាងាកទៅរកចិន ហើយសហរដ្ឋអាមេរិក នឹងបន្តនយោបាយរបស់ខ្លួន ដែលបានដាក់ចេញ តាំងពីឆ្នាំ១៩៥៨។ នៅក្នុងឆ្នាំ១៩៥៨ សហរដ្ឋអាមេរិក តាមរយៈស៊ី អាយ អេ (CIA) ពួកគេបានបង្កើតខ្មែរសេរី ដឹកនាំដោយ សម សារី សឹង ង៉ុកថាញ់ ដាប ឈួន … ប្រឆាំងនឹងរាជរដ្ឋាភិបាលសម្ដេចព្រះបិតាជាតិ ដែលបច្ចុប្បន្នសហរដ្ឋអាមេរិក យក សម រង្ស៊ី. មួរ សុខហ៊ួរ .អេង ឆៃអ៊ាង. ហូរ វ៉ាន់ .សង្ឃ ប៊ុត ប៊ុនទិញ ព្រមទាំងកូនសំណប់ចិត្ត ផ្សេងទៀត មកប្រឆាំងនឹងរដ្ឋាភិបាល របស់សម្ដេច ហ៊ុន សែន បុរសសន្តិភាពនិយម។
អ្នកវិភាគបានបន្តថា សហរដ្ឋអាមេរិកតាមរយៈ ស៊ី អាយ អេ (CIA) ដែលមានប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល និងដៃគូរបស់គេនៅក្នុង សមាគមអាស៊ានខ្លះ ព្រមទាំងសហភាពអឺរ៉ុប មកបង្កើតជំនន់ និងព្យុះនយោបាយ កាន់តែខ្លាំងនិងសាហាវ ចាប់ពីចុងឆ្នាំនេះតទៅ អាចនិយាយបានថា BRIនិងIndo-Pacific ចាប់ផ្ដើមប្រយុទ្ធគ្នានៅក្នុងតំបន់។ អ្នកវិភាគបាននិយាយថា អាមេរិកនិងចិន មិនអាចត្រូវគ្នាបានទេប្រៀបដូចជា មហាសមុទ្រប៉ាស៊ីហ្វិក ខណ្ឌចែកមហាសមុទ្រអាតាឡង់ទិក ដោយគ្នាថ្ងៃចូលគ្នា បានឡើយ៕
ដោយ៖សយ សុភាព