ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការិយាល័យអាកាសធាតុរដ្ឋ ព្យុះទីហ្វុងដ៏ខ្លាំងក្លាឈ្មោះថា Goni ជាព្យុះទីហ្វុងដ៏ខ្លាំងបំផុត ដែលបានបោកបក់មកលើហ្វីលីពីន នៅក្នុងឆ្នាំនេះ ដែលបង្កឲ្យមានគ្រោះបាក់ដីកើតឡើងនៅ Bicol ដែលជាតំបន់ស្ថិតនៅភាគខាងត្បូង នៃដែនកោះដ៏សំខាន់ Luzon កាលពីព្រឹកថ្ងៃអាទិត្យ ។
រដ្ឋបាលសេវាកម្មភូមិសាស្ត្រ តារាសាស្ត្រ និងភពដែនដីរបស់ប្រទេសហ្វីលីពីន (PAGASA) បានឲ្យដឹងថា Goni ជាព្យុះទីហ្វុងដែលខ្លាំងក្លាមួយ បានកើតឡើងនៅវេលាម៉ោង២និង០០នាទីព្រឹក ដែលមានល្បឿនខ្យល់បោកបក់២២៥គីឡូម៉ែត្រក្នុង១ម៉ោង និងអាចបោកបក់លើសពី២៨០គីឡូម៉ែត្រក្នុង១ម៉ោង នៅគ្រាដែលបោកបក់មកលើក្រុង Bato ខេត្ត Catanduanes ស្ថិតនៅភាគអាគ្នេយ៏ នៃកោះ Luzon នៅវេលាម៉ោងប្រមាណ៤និង៥០នាទីព្រឹក ។
ការិយាល័យបានឲ្យដឹងថា ព្យុះ Goni កំពុងតែរំកិលខ្លួនទៅប៉ែកខាងលិចឆ្ពោះទៅមុខទៅភាគនីរតី ក្នុងល្បឿន២៥គីឡូម៉ែត្រក្នុង១ម៉ោង ។
មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗពីការបំផ្លិចបំផ្លាញ ឬបណ្តលឲ្យស្លាប់មនុស្សនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា