បរទេស៖ កងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់ បានសម្លាប់អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងតិចម្នាក់ ដោយបាញ់គ្រាប់ពិត និងធ្វើឲ្យមនុស្សតិចបំផុត៤០នាក់ផ្សេងទៀតរងរបួស នៅក្នុងទីក្រុង Basra ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃសុក្រម្សិលមិញ នេះបើយោងតាមប្រភពសន្តិសុខ និងមន្ត្រីសិទ្ធិមនុស្សប្រាប់ឲ្យដឹង។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា វាគឺជាការសម្លាប់អ្នកតវ៉ាលើកដំបូង ដោយកងកម្លាំងសន្តិសុខនៅក្នុងទីក្រុង Basra គិតចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Mustafa al-Kadhimi ឡើងកាន់អំណាចក្នុងខែឧសភាមក។
ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីរ៉ាក់ បានធ្វើការបញ្ជាក់អំពីការស្លាប់នោះ ប៉ុន្តែបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ណាម្នាក់ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់អាវុធប្រឆាំងក្រុមបាតុករនោះទេ និងថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេតចំពោះឧបទ្ទវហេតុនោះ៕
ប្រែសម្រួល៖ប៉ាង កុង