បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការពិភាក្សាគ្នាស្តីពីជម្លោះនៅតំបន់ Nagorno-Karabakh ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។
មេដឹកនាំទាំងពីររូប បានធ្វើការសង្កត់ធ្ងន់លើក្តីព្រួយបារម្ភដ៏ធ្ងន់ធ្ងរ ជុំវិញការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ រវាងកងកម្លាំងរបស់ជនជាតិភាគតិចអាមេនីនិងកងកម្លាំងអាហ្ស៊ែបៃហ្សង់ នៅក្នុងតំបន់ និងការមានការចូលរួមដោយកងកម្លាំងប្រយុទ្ធ មកពីប្រទេសស៊ីរីនិងលីប៊ី នៅក្នុងជម្លោះនោះ។
វិមានក្រឹមឡាំង បានបញ្ជាក់ថា លោក ពូទីន បាននិយាយប្រាប់លោកប្រធានាធិបតីបារាំង អំពំចំណាត់ការដែលរុស្ស៊ីបានធ្វើឆ្ពោះទៅរកការអនុវត្តបទឈប់បាញ់គ្នា និងធានាឲ្យបានថា ភាគីនានានឹងចូលរួមចរចា រកដំណោះស្រាយមួយចំពោះវិបត្តិក្នុងតំបន់នោះ។
ក្រៅពីនេះ មេដឹកនាំទាំងពីររូបនេះ ក៏បានសង្កត់ធ្ងន់លើបំណងរបស់ខ្លួន ក្នុងការបន្តកិច្ចប្រឹងប្រែងសម្របសម្រួល ដែលរួមបញ្ចូលទាំងតាមរយៈក្រុម OSCE Minsk ដែលបង្កើតក្នុងឆ្នាំ១៩៩២ ដើម្បីសម្របសម្រួលស្វែងរកដំណោះស្រាយសន្តិភាព៕
ប្រែសម្រួល៖ប៉ាង កុង