ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់៖ រដ្ឋបាលអាមេរិកថ្មី គួរតែបំពេញកំហុសឆ្គង របស់លោក ត្រាំ

បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថា រដ្ឋបាលអាមេរិកថ្មី គួរតែប្រើប្រាស់ឱកាសផ្តល់សំណង ចំពោះកំហុសឆ្គង់របស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើតាមការរាយការណ៍ ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ក្រោយលោក ចូ បៃដិន ឈ្នះការបោះឆ្នោត។

លោកប្រធានាធិបតី ហាស្សាន រ៉ូហានី ត្រូវបានគេដកស្រង់ពាក្យសម្តីយ៉ាងដូច្នេះថា “គោលនយោបាយបំផ្លិចបំផ្លាញរបស់លោក ត្រាំ ត្រូវប្រជាជនអាមេរិកជំទាស់ប្រឆាំង។ រដ្ឋបាលសហរដ្ឋអាមេរិកថ្មី គួរតែប្រើប្រាស់ឱកាសសង ចំពោះកំហុសឆ្គង់អតីត”។

គួរបញ្ជាក់ថា ភាពតានតឹងបានកើន កម្ពៅឡើងកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ២០១៨មក នៅពេលដែលលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែមួយរវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក ហើយបន្ទាប់មកបានដាក់ទណ្ឌកម្ម ដែលសេដ្ឋកិច្ចអ៊ីរ៉ង់ជាប់គាំង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top