បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចាប់ផ្តើមដំណើរទស្សនកិច្ច១០ថ្ងៃ ទៅប្រទេសចំនួន៧ ទាំងនៅក្នុងតំបន់អឺរ៉ុបនិងនៅតំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាគ្នាអំពីបញ្ហានានា រួមទាំងការប្រឆាំងអំពើភេរវកម្មនិងសេរីភាពសាសនា។
នៅក្នុងតំបន់អឺរ៉ុប លោក Pompeo នឹងធ្វើទស្សនកិច្ចប្រទេសបារាំង តួកគី និងប្រទេសហ្សកហ្ស៊ី ហើយនៅតំបន់មជ្ឈិមបូព៌ា លោកនឹងធ្វើទស្សនកិច្ចប្រទេសអ៊ីស្រាអែល សហភាពអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត។ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយ១០ថ្ងៃបន្ទាប់ការបោះឆ្នោតជ្រើសប្រធានាធិបតី ដែលមេរបស់លោក គឺលោក ដូណាល់ ត្រាំ បានទទួលបរាជ័យចាញ់គូប្រជែងមកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក ចូ បៃដិន៕
ប្រែសម្រួល៖ប៉ាង កុង