ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រាប់អាហ្ស៊ែបៃហ្សង់ ឲ្យយកចិត្តទុកថាកន្លែងសក្ការៈបូជា គ្រីស្តសាសនា ក្នុងតំបន់ Nagorno-Karabakh

បរទេស៖ វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយប្រាប់ ប្រធានាធិបតី អាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev នៅថ្ងៃសៅរ៍ ឲ្យថែរក្សាទីសក្ការៈបូជា សាសនាគ្រីស្ត នៅក្នុងផ្នែកនៃតំបន់ Nagorno-Karabakh ដែលអាហ្ស៊ែបៃហ្សង់ ទទួលបានក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់គ្នានាសប្ដាហ៍នេះ។

លោក ពូទីន បានប្រាប់លោក Ilham Aliyev ថា មានមហាវិហារ និងវត្តសាសនាគ្រីស្ត ដែលអាហ្ស៊ែបៃហ្សង់ទទួលបានក្រោមកិច្ចព្រមព្រៀង ឈប់បាញ់គ្នា ស្ថិតនៅក្នុងតំបន់ ដែលអន្តរជាតិទទួលស្គាល់ថា ជាផ្នែកនៃប្រទេស អាហ្ស៊ែបៃហ្សង់ ប៉ុន្តែរស់នៅដោយពួកជនជាតិ ភាគតិច អាមេនី ហើយទីសក្ការៈទាំំងនោះ គួរបានការថែរក្សា យកចិត្តទុកដាក់។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានសម្របសម្រួល បទឈប់បាញ់គ្នាមួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលរក្សាអត្ថប្រយោជន៍ទឹកដី សម្រាប់ប្រទេស អាហ្ស៊ែបៃហ្សង់ នៅជុំវិញតំបន់ពួកជនជាតិ ភាគតិច អាមេនី ជាទីដែលកងទ័ព អាហ្ស៊ែបៃហ្សង់ បាននិងកំពុងតែប្រយុទ្ធ ជាមួយកងកម្លាំង ជនជាតិភាគតិច អាមេនី អស់រយៈពេលជាង៦សប្ដាហ៍៕

ប្រែសម្រួល៖ប៉ាង កុង

To Top