ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន បង្កើនសន្តិសុខព្រំដែន ក្រោយមានព័ត៌មាន ពីការប៉ុនប៉ងបំផ្ទុះគ្រាប់

បរទេស៖ ប្រទេសអាហ្សង់ទីន បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួននឹងរឹតបន្តឹងសន្តិសុខ នៅតាមព្រំដែន ជាប់ប្រទេសប៉ារ៉ាហ្គាយ ក្រោយស្ថានទូតខ្លួន នៅអង់គ្លេស ទទួលបានព័ត៌មាន ដែលជូនដំណឹងដល់អាជ្ញាធរ អំពីការអាចមានវត្ថុធាតុ សម្រាប់ផលិតគ្រាប់បែក ត្រូវគេនាំចូល ដោយឆ្លងតាមព្រំដែន ភាគខាងជើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសន្តិសុខអាហ្សង់ទីន បាននិយាយប្រាប់ថា ព័ត៌មាននោះបានព្រមាន អំពីមនុស្សម្នាក់កំពុងតែស្វះស្វែង បញ្ជូនសារធាតុ អាម៉ូញ៉ូមនីត្រាត ពីប្រទេសប៉ារ៉ាហ្គាយចូលទៅ ប្រទេសអាហ្សង់ទីន សម្រាប់ផលិតគ្រាប់បែក ក្នុងគោលដៅបំផ្ទុះលើពួកជ្វីហ្វ។

ចំណែក្រុមអាជ្ញាធរ បាននិយាយប្រាប់ថា ពួកគេបានចាប់ផ្តើមធ្វើប្រតិបត្តិការ ស៊ើបអង្កេតមួយ ដើម្បីកំណត់អត្តសញ្ញាណបុគ្គល ដែលគេលើកឡើងនៅក្នុងព័ត៌មាននោះ។

សូមជម្រាបថា មនុស្សជាង១០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារចំនួនពីរ ក្នុងប្រទេសអាហ្សង់ទីន ក្នុងទសវត្សឆ្នាំ១៩៩០ ហើយនៅក្នុងឆ្នាំ១៩៩២ ស្ថានទូតអ៊ីស្រាអែល ប្រចាំនៅក្នុងទីក្រុង Buenos Aires ត្រូវបានរងការវាយប្រហារ ដោយរថយន្តគ្រាប់បែក មួយគ្រឿង សម្លាប់មនុស្សចំនួន២៩នាក់៕

ប្រែសម្រួល៖ប៉ាង កុង

To Top