ឡុងដ៌៖ អ្នកនាំពាក្យ Downing Street បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុងស្ថិតនៅដាច់ដោយឡែកពីពីគេ បន្ទាប់ពីលោកបានទាក់ទង ជាមួយនរណាម្នាក់ ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ- ១៩ ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី នឹងបន្តធ្វើការពី Downing Street រួមទាំងការដឹកនាំការឆ្លើយតប របស់រដ្ឋាភិបាលចំពោះ ការរីករាលដាលនៃជំងឺឆ្លង។
យោងរាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ដោយដកស្រង់សេចក្តីថ្លែងការណ៍ បានបន្ថែមថា“ នាយករដ្ឋមន្រ្តីសុខសប្បាយនៅឡើយទេ ហើយមិនមានរោគសញ្ញា ណាមួយនៃជំងឺកូវីដ-១៩ នោះទេ។
លោកនាយករដ្ឋមន្រ្តី មានការប្រជុំជាមួយ សមាជិកសភាមួយចំនួននៅ Downing Street នៅម៉ោង ១០ព្រឹកថ្ងៃព្រហស្បតិ៍ រួមទាំងលី អាន់ឌឺសុន ដែលក្រោយមកបានវិវត្ត ទៅជារោគសញ្ញានៃជំងឺឆ្លង និងការធ្វើតេស្តវិជ្ជមាន។
លោកនាយករដ្ឋមន្រ្តី បានជាសះស្បើយពីជំងឺកូវីដ-១៩ ម្ដងរួចទៅហើយ ដែលជាជំងឺបង្កឡើងដោយវីរុសនេះ បន្ទាប់ពីឆ្លងវីរុសនេះកាលពីចុងខែមីនា និងចំណាយពេល ៣ ថ្ងៃក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ នៅដើមខែមេសា៕
ដោយ ឈូក បូរ៉ា