Covid-19

បណ្តាប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក មានអ្នកឆ្លងជំងឺកូវីដ១៩ និងស្លាប់បន្តកើនឡើង

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លងជំងឺ និងស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បានបន្តកើនឡើងខ្ពស់ ខណៈដែលប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកស្លាប់ បន្ថែមទៀតចំនួន ៤៣៥នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣០.០៧០នាក់ ។

ក្រសួងសុខាភិបាលសហព័ន្ធ បានចេញសេចក្តីប្រកាស ទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា មានរហូតដល់ ៨.៨៤៥.១២៧នាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន ៣០.៥៤៨នាក់ បានចុះក្នុងបញ្ជីនៅទូទាំងប្រទេស ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីត្រូវបានបញ្ជាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣.៥៣៥នាក់ក្នុង១ថ្ងៃ ដែលនាំឲ្យកើនឡើងដល់ ៤៧០.៦៤៨នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀត ៨៥នាក់ នាំឲ្យកើន ឡើងដល់ ១៥.២៩៦នាក់ ។

ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មីចំនួន ១.១០៣នាក់ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសកើនឡើងដល់ ៤៨.៥២០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top