បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េដ្រា ម៉ូឌី នៅពេលថ្មីៗនេះ បានពិភាក្សាគ្នា តាមទូរស័ព្ទ ជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ដើម្បីសម្តែងការអបអរជ័យជំនះ លើការបោះឆ្នោត ដែលលោកនិយាយថា បានបង្ហាញនូវភាពខ្លាំង របស់លទ្ធិប្រជាធិបតេយ្យ សហរដ្ឋអាមេរិក ហើយលោកប្តេជ្ញាថា នឹងធ្វើចំណងមិត្តភាព យុទ្ធសាស្ត្រឲ្យកាន់តែ ស៊ីជម្រៅ។
ក្រសួងការបរទេស របស់ប្រទេសឥណ្ឌា បាននិយាយដូច្នេះថា “លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានសម្តែងការអបអរយ៉ាងកក់ក្តៅ ចំពោះលោកប្រធានាធិបតី ជាប់ឆ្នោត បៃដិន លើការបោះឆ្នោត របស់លោក ដោយពិណ៌នាវាថា ជាសក្ខីភាព នៃភាពខ្លាំងនិងភាពធន់ ចំពោះទំនៀមលទ្ធិប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក”។
គួរបញ្ជាក់ថា កាលពីមុន លោក ម៉ូឌី ធ្លាប់បានផ្ញើលិខិត អបអររបស់លោក ចំពោះលោក បៃដិន នៅក្នុងសារលើបណ្ដាញផ្សព្វផ្សាយ សង្គម ភ្លាមៗបន្ទាប់ពីបណ្ដាញទូរទស្សន៍ អាមេរិកព្យាករថា បេក្ខភាពមកពី បក្សលទ្ធិប្រជាធិបតេយ្យ នឹងឈ្នះលើការបោះឆ្នោត ថ្ងៃទី០៣ ខែវិច្ឆិកា បើទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បដិសេធមិនទទួលស្គាល់ ភាពបរាជ័យ របស់លោកក៏ដោយ៕
ប្រែសម្រួល៖ប៉ាង កុង