បរទេស៖ យោធាអ៊ីស្រាអែល បាននិយាយប្រាប់ថា ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារ តាមអាកាស ទៅលើកងទ័ពស៊ីរី និងកងកម្លាំងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី នាថ្ងៃពុធនេះ ក្រោយមានគ្រាប់បែកគេលួចដាក់ នៅក្នុងតំបន់ Golan Heights ដែលអ៊ីស្រាអែលគ្រប់គ្រង។
ចំណែក ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសស៊ីរី បានរាយការណ៍ថា មានបុគ្គលិកយោធា ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសម្នាក់ នៅក្នុងហេតុការណ៍ វាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល ទៅលើទីក្រុង ដាម៉ាស់ នេះ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន National Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះរបស់ខ្លួន បានវាយប្រហារទៅលើ អគារឃ្លាំង ទីតាំងយោធា និងប្រព័ន្ធបាញ់មីស៊ីល ពីដីទៅក្នុង អាកាសរបស់ស៊ីរី៕
ប្រែសម្រួល៖ប៉ាង កុង
