ព័ត៌មានអន្តរជាតិ

ចិនបន្ទោស រដ្ឋាភិបាលអូស្ត្រាលី ថាជាអ្នកដែលបានធ្វើឲ្យ ទំនាក់ទំនងទ្វេភាគី ធ្លាក់ចុះខ្លាំងបែបនេះ

បរទេស៖ នៅថ្ងៃនេះប្រទេសចិន បានធ្វើការរិះគន់ចំៗ ថាអូស្ត្រាលី ត្រូវតែបន្ទោសចំពោះ ការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ដោយក្នុងនោះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានបញ្ជាក់ថាការទទួលខុសត្រូវ ទាំងអស់ គឺគួរតែទំលាក់ទៅលើបុគ្គលមួយចំនួន នៅក្នុងប្រទេសអូស្រ្តាលី ដែលនៅតែមាននិន្នាការចាត់ទុកការអភិវឌ្ឍរបស់ចិន ថាជាការគំរាមកំហែង របស់គេ។

ទំនាក់ទំនង រវាងអូស្រ្តាលីនិងចិន មានភាពត្រជាក់អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថានការណ៍ កាន់តែយ៉ាប់យ៉ឺន យ៉ាងឆាប់រហ័ស បន្ទាប់ពីនាយករដ្ឋមន្រ្តី អូស្រ្តាលី លោក Scott Morrison កាលពីខែមេសា បានអំពាវនាវឱ្យ មានការសាកសួរ អន្តរជាតិ អំពីប្រភពដើម នៃការឆ្លងរាតត្បាត នៃវិរុសកូវីដ១៩។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ រដ្ឋាភិបាលចិន បានហៅសំណើររបស់លោក Morrison ថាជាឧបាយកលនយោបាយ ហើយចាប់ពីខែឧសភាមកការនាំចេញ របស់អូស្រ្តាលីទៅចិន រួមមានស្រាទំពាំងបាយជូរ និងសាច់គោ បានប្រឈមនឹងឧបសគ្គ ពីប្រទេសចិនរួមទាំងពន្ធខ្ពស់ ការស៊ើបអង្កេត ការឧបត្ថម្ភធននិងការពន្យារ ពេលក្នុងការលុបចោល ដំណើរគយទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top