បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញថា ច្បាប់ប្រមាថព្រះមហាក្សត្រ នឹងស្ថិតក្នុងចំណោម “ ច្បាប់និងមាត្រា” ទាំងអស់ដែលត្រូវបានអនុវត្ត ប្រឆាំងនឹងក្រុមបាតុករ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលសួរដោយអ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាលថាតើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ នឹងត្រូវបានអនុវត្តដែរឬទេ លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានតបថា “ វាស្ថិតក្នុងចំណោមច្បាប់ទាំងអស់នោះ។ តើអ្នកយល់ពីពាក្យទាំងអស់នៃច្បាប់ទេ?
ដោយសំអាងលើករណីនានា ដែលពាក់ព័ន្ធនឹងការប្រមាថ ព្រះមហាក្សត្រនោះ នាយករដ្ឋមន្ត្រីបានបន្ថែមថា “រដ្ឋាភិបាលត្រូវតែចាត់វិធានការ ឲ្យបានលឿនពីព្រោះមនុស្សជាច្រើន បានបញ្ចេញមតិលើបញ្ហានេះ ហើយប្រជាជនទូទាំងប្រទេស មិនអាចទទួលយកបានទេ”។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោកឧត្តមសេនីយ៍ប្រាយុធបានប្រកាសថា“ ច្បាប់និងមាត្រាទាំងអស់” នឹងត្រូវបានអនុវត្តប្រឆាំងនឹង ក្រុមអ្នកតវ៉ាដែលបានរំលោភច្បាប់។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីការប្រមូលផ្តុំគ្នា នៅតាមដងផ្លូវដោយក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យដែលទាមទារ ឱ្យដកលោកចេញពីតំណែអ និងធ្វើកំណែទម្រង់របបរាជានិយម ៕
ប្រែសម្រួលៈ ណៃ តុលា