តូក្យូ៖ បណ្ដាមេដឹក នាំមកពីសេដ្ឋកិច្ចប៉ាស៊ីហ្វិកចំនួន ២១ ហៅកាត់ថា APEC នៅថ្ងៃសុក្រម្សិលមិញនេះ បានឯកភាពលើភាព ចាំបាច់ក្នុងការបន្តធ្វើពាណិជ្ជកម្មសេរី និងបើកចំហ ដើម្បីជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចពីជំងឺរាតត្បាត ខណៈបានចេញសេចក្តីប្រកាស រួមលើកដំបូងរបស់មេដឹកនាំក្នុងរយៈពេល ៣ ឆ្នាំ។
មេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក រួមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ថា“ យើងទទួលស្គាល់ពីសារៈសំខាន់ នៃបរិយាកាសសេរី និងមិនរើសអើង តម្លាភាព និងអាចព្យាករណ៍បាន ដើម្បីជំរុញការងើបឡើង នៃសេដ្ឋកិច្ច” ចេញបន្ទាប់ពីកិច្ចប្រជុំកំពូលនិម្មិត។
កិច្ចប្រជុំនេះបានធ្វើឡើងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីការជួបជុំកាលពីឆ្នាំមុន ត្រូវបានលុបចោលដោយសារតែភាពចលាចល នយោបាយនៅក្នុងប្រទេសឈីលី ដែលជាម្ចាស់ផ្ទះ ហើយនៅឆ្នាំ២០១៨ មេដឹកនាំ APEC បានបរាជ័យក្នុងការឯកភាពលើសេចក្តីប្រកាសរួមមួយ ដោយសារតែការបែកបាក់កាន់តែ ស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងចិន លើបញ្ហាពាណិជ្ជកម្មនិងបញ្ហាផ្សេងទៀត ៕
ដោយ ឈូក បូរ៉ា