បរទេស៖ ចំនួនករណីឆ្លងវីរុសថ្មីក្នុងប្រទេសកូរ៉េខាងត្បូងបានកើនលើសពី ៣០០ នាក់ ចំនួន៤ថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃសៅរ៍ដោយសារការរាលដាលនៃចង្កោមនៅពាសពេញប្រទេស ដែលធ្វើឱ្យមានការព្រួយបារម្ភលើរលកទី៣នៃការរាតត្បាតវីរុសនេះ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ប្រទេសនេះបានបន្ថែមចំនួន ៣៨៦ ករណីឆ្លងថ្មីលើជំងឺ ក្នុងនោះមានការឆ្លងមេរោគក្នុងស្រុកចំនួន ៣៦១ ករណី ដែលបង្កើនចំនួនសរុបដល់ ៣០ ៤០៣នាក់ ។
ចំនួននេះបានស្ថិតនៅក្នុងបីខ្ទង់ ចាប់តាំងពីថ្ងៃទី ៨ ខែវិច្ឆិកាដោយតួលេខនេះលើសពី ៣០០ ជាលើកដំបូងចាប់តាំងពីចុងខែសីហានៅថ្ងៃពុធដោយមាន ៣១៣ ករណី។ ប្រទេសនេះបានបញ្ជាក់ថាមាន ៣៤៣ ករណីកាលពីថ្ងៃព្រហស្បតិ៍ និង ៣៦៣ ករណីនៅថ្ងៃសុក្រ។
ចំនួនអ្នកឆ្លងកើនឡើងដល់ ៣០ ០០០ នាក់នៅថ្ងៃសុក្រ, ១០ ខែ បន្ទាប់ពីប្រទេសនេះបានរាយការណ៍ករណីដំបូងរបស់ខ្លួននៅថ្ងៃទី ២០ ខែមករា។
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា រលកទីបីនៃការឆ្លងវីរុសកំពុងដំណើរការនៅក្នុងតំបន់សេអ៊ូលកាន់តែខ្លាំង បន្ទាប់ពីការលើកដំបូងនៅក្នុងខែកុម្ភៈ – មីនា នៅទីក្រុង Daegu និងលើកទីពីរនៅខែសីហាក៏នៅក្នុងទីក្រុងសេអ៊ូលដែរ៕
ប្រែសម្រួលៈ ណៃ តុលា