បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានរារាំងគណៈកម្មការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនឲ្យដាក់ក្រុមកងជីវពលលីប៊ីនិងមេដឹកនាំក្នុងបញ្ជីខ្មៅ សម្រាប់ការរំលោភបំពានសិទ្ធិមនុស្ស ដោយរុស្ស៊ីនិយាយថា ខ្លួនចង់ឃើញជាមុនភស្តុតាងបន្ថែមទៀត ដែលថា ពួកគេបានសម្លាប់ជនស៊ីវិល។
មន្ត្រីការទូតរុស្ស៊ីមួយរូប បាននិយាយប្រាប់សហសេវិកនៅក្រុមប្រឹក្សាសន្តិសុខក្នុងសំណេរជូនដំណឹងមួយថា “ការគាំទ្ររបស់យើងនៅពេលអនាគត គឺអាចកើតមាន ប៉ុន្តែត្រូវតែមានលក្ខខណ្ឌដោយការផ្តល់ឲ្យនូវភស្តុតាងដែលមិនអាចប្រកែកបាន ស្តីពីការពាក់ព័ន្ធរបស់ពួកគេក្នុងការសម្លាប់ប្រជាជនស៊ីវិល”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ បានស្នើឡើងថា គណៈកម្មាធិការទណ្ឌកម្មលើលីប៊ីមានសមាជិកចំនួន១៥របស់ក្រុមប្រឹក្សា គួរតែធ្វើការបង្កកទ្រព្យសម្បត្តិនិងដាក់បម្រាមធ្វើដំណើរ លើក្រុមកងជីវពល al-Kaniyat និងមេដឹកនាំរបស់វា គឺលោក Mohammed al-Kani។ ការដាក់ទណ្ឌកម្មបែបនេះ គឺត្រូវមានការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ប៉ុន្តែរុស្ស៊ីបាននិយាយថា ខ្លួនមិនអាចយល់ស្របបានទេ៕
ប្រែសម្រួល៖ប៉ាង កុង