ព័ត៌មានអន្តរជាតិ

រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រកាសបម្រាមគោចរ នៅពេលយប់ ក្នុងពេលមានអ្នកឆ្លង វីរុសកូវីដ១៩ ទូទាំងប្រទេសកើនដល់ជាង ១២លាននាក់

BBC៖ រដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមបម្រាមគោចរនៅពេលយប់នៅថ្ងៃសៅរ៍ ដែលជាពេលវេលានៅអាមេរិក ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ ។ បើតាមសារព័ត៌មាន Los Angeles Times បានផ្សាយថា តួលេខចុងក្រោយបង្អស់របស់រដ្ឋខាងលិចនេះ គឺអាក្រក់ដល់កំពូលកាលពីខែសីហាទៅទៀត។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅទូទាំងសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដែលជាប់ទាក់ទងនឹងជំងឺកូវីដ១៩ បានកើនឡើងដល់ ២ ០០០ នាក់ជាលើកដំបូងចាប់តាំងពីខែឧសភា។

យោងតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា សហរដ្ឋអាមេរិកមានអ្នកឆ្លងវីរុសនេះច្រើនជាង ១២ លាននាក់ ហើយដែលមានអ្នកស្លាប់ច្រើនជាង ២៥៥ ០០០ នាក់។ នេះគឺជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក។

តួលេខអ្នកឆ្លងវីរុសថ្មីបំផុតប្រហែល ១៨៧ ០០០ នាក់ត្រូវបានកត់ត្រាទុកនៅទូទាំងប្រទេស ក្នុងតួលេខចុងក្រោយបង្អស់ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសម្រាប់ថ្ងៃមុនដែលជាកម្រិតខ្ពស់បំផុត។

រដ្ឋជាច្រើនរបស់អាមេរិក បានដាក់ពាក់ម៉ាសមុខថ្មី និងការរឹតត្បិតផ្សេងទៀត ដើម្បីព្យាយាមប្រយុទ្ធប្រឆាំងនឹងការកើនឡើងនេះហើយនៅក្នុងរដ្ឋតិចសាស ឆ្មាំជាតិ ក៏កំពុងត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងអេលប៉ាសូ ដើម្បីជួយដល់ប្រតិបត្តិការដាក់សពអ្នកស្លាប់ននៅទីនោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top