Covid-19

BREAKING NEWS: ឡាវ រកឃើញអ្នកឆ្លង ថ្មីវីរុសកូវីដ១៩ ចំនួន ១៤នាក់

ឡាវ៖ ក្រុមការងារ ថ្នាក់ជាតិសម្រាប់ការការពារ និង គ្រប់គ្រងជំងឺកូវីដ១៩ បានប្រកាសថា ប្រទេសឡាវបានបញ្ជាក់ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន ១៤ ករណី។

យោងតាមសារព័ត៌មាន របស់ឡាវ ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ របស់អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឡាវលោកវេជ្ជបណ្ឌិត Phouthone Muongpak គឺករណីថ្មីចំនួន ១៤ រួមមានអ្នកដំណើរ ដែលត្រឡប់មកពីប្រទេសឥណ្ឌា និងរុស្ស៊ីបកាលពីថ្ងៃទី ២០ ខែវិច្ឆិកា។

បុគ្គលទាំង ១៤ នាក់បានធ្វើតេស្តវិជ្ជមាន វីរុសទាំងនោះ គឺខណៈពេលដែលពួកគេ កំពុងធ្វើចត្តាឡីស័ក ឬស្ថិតនៅដាច់ពីគេ នៅក្នុងទីក្រុងវៀងចន្ទន៍។ ករណីឆ្លងថ្មីទាំង ១៤ នាក់នោះ រួមមានពលរដ្ឋឡាវម្នាក់ និងជនបរទេស ១៣ នាក់ដែលម្នាក់ៗទទួលបានលទ្ធផលតេស្តវិជ្ជមាន សម្រាប់វីរុសនេះនៅថ្ងៃទី ២១ ខែវិច្ឆិកា អំឡុងពេលធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា ពួកគេបានមកដល់ទីក្រុងវៀងចន្ទន៍ តាមអាកាសយានដ្ឋាន អន្តរជាតិ វ៉ាត់តាយ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបាន ដាក់ឲ្យ ស្ថិតនៅដាច់ដោយឡែកពីគេ។ ដំបូងពួកគេទទួលបាន លទ្ធផលតេស្តអវិជ្ជមាន នៅថ្ងៃដែលពួកគេមកដល់ភ្លាម៕

ប្រែសម្រួលៈ ណៃ តុលា

To Top