ព័ត៌មានអន្តរជាតិ

ថៃ ព្រមានឈប់ទិញអគ្គិសនីពីឡាវ ដោយសារផលប៉ះពាល់ ទៅលើទន្លេមេគង្គ

ប្រទេសថៃ៖ រដ្ឋាភិបាលប្រទេសថៃ កាលពីថ្ងៃអង្គារ បានគំរាមថា មិនទិញថាមពលអគ្គិសនី ពីទំនប់វារីអគ្គិសនី Sanakham នៅប្រទេសឡាវទេ បន្ទាប់ពីដឹងថាគម្រោងនេះអាចនឹង ប៉ះពាល់ដល់ទន្លេមេគង្គ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គលេខាធិការការិយាល័យ ធនធានទឹកជាតិរបស់ថៃ គឺលោក Somkiat Prajamwong បាននិយាយនៅថ្ងៃអង្គារបន្ទាប់ពី មានសិក្ខាសាលាមួយស្តីពី ទន្លេមេគង្គក្នុងទីក្រុងបាងកកថា ទឹកដីរបស់ប្រទេសគឺជាក្តីបារម្ភ ដ៏ធំបំផុតរបស់យើង។

លោកបន្តថា «យើងនឹងមិនយល់ព្រមចំពោះគម្រោងនេះទេ ដរាបណាយើងមិនមាន ភ័ស្តុតាងច្បាស់លាស់ ដែលព្រំដែនមិនត្រូវបានប៉ះពាល់នោះ»។

លោក Somkiat បាននិយាយថា គណៈរដ្ឋមន្រ្តីបានយល់ព្រមកាលពីថ្ងៃច័ន្ទថា លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីនឹងបង្ហាញ ជំហរជាផ្លូវការរបស់រដ្ឋាភិបាលប្រឆាំងនឹង គម្រោងនេះនៅក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីជាក់ស្តែងនៅថ្ងៃពុធ។

លោកបាននិយាយថា អាជ្ញាធរថៃមានការព្រួយបារម្ភថា ទីតាំងទំនប់វារីអគ្គិសនីជិតនឹងទន្លេ ដែលតែងតែត្រូវបានគេប្រើ ដើម្បីបោះបង្គោលព្រំដែនថៃ-ឡាវ ៕

To Top