ព័ត៌មានអន្តរជាតិ

ក្រុមប្រឆាំងអ៊ីរ៉ង់ ត្រូវគេសង្ស័យរួមដៃ ជាមួយអ៊ីស្រាអែល ក្នុងហេតុការណ៍ធ្វើឃាត អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែ

បរទេស៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប នៅថ្ងៃចន្ទនេះ បាននិយាយថា ក្រុមប្រឆាំងមួយក្រុម ត្រូវបានគេសង្ស័យរួមដៃ ជាមួយអ៊ីស្រាអែល ក្នុងហេតុការណ៍ធ្វើឃាតអ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែអ៊ីរ៉ង់ដ៏ល្បីល្បាញ ហើយការវាយប្រហារធ្វើឃាតនោះ បានបង្ករំពឹងថានឹងមានការជាប់គាំងថ្មីមួយ រវាងទីក្រុងតេអេរ៉ង់និងសត្រូវដ៏យូររបស់ខ្លួន គឺអ៊ីស្រាអែល។

ចំណែកទូរទស្សន៍ផ្សាយជា ភាសាបរទេសរបស់ប្រទេសអ៊ីរ៉ង់ Press TV បានរាយការណ៍ថា អាវុធដែលប្រើប្រាស់ក្នុងហេតុការណ៍ សម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែអ៊ីរ៉ង់ លោក Mohsen Fakhrizadeh កាលពីថ្ងៃសុក្រ និងត្រូវគេប្រមូលបានពីកន្លែងកើតហេតុនោះ គឺផលិតនៅក្នុងប្រទេសអ៊ីស្រាអែល។

នៅក្នុងទីក្រុងយេរូសាឡឹម នៅពេលភ្លាមៗនេះ នៅមិនទាន់មានការឆ្លើយតបពីមន្ត្រីអ៊ីស្រាអែល ដែលគេទាក់ទងសុំការអត្ថាធិប្បាយ ស្តីពីសេចក្តីរាយការណ៍របស់ ទូរទស្សន៍អ៊ីរ៉ង់នោះនៅឡើយទេ ប៉ុន្តែនៅថ្ងៃចន្ទនេះ មុនការផ្សាយបែបនេះរបស់ទូរទស្សន៍នោះ រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល លោក Eli Cohen បាននិយាយប្រាប់វិទ្យុ 103 FM ថា លោកមិនដឹងថា អ្នកណាត្រូវទទួលខុសត្រូវនោះទេ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top