ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្ហាញពីជីវប្រវត្តិផ្លូវការ របស់លោកប្រធានាធិបតី គីម ជុងអ៊ុន តែមិនបាននិយាយពីជីវិត ពេលលោករៀននៅស្វីស

បរទេស៖ លោកគីមជុងអ៊ុន គឺជាមេដឹកនាំកំពូលជំនាន់ទី ៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើង។ ជីវិតឯកជនរបស់លោកប្រធានាធិបតីគីម តែងតែជាបញ្ហានៃការពិភាក្សា សម្រាប់លោកខាងលិច។ កុមារភាព និងវ័យជំទង់ របស់លោកគីមនៅតែជាអាថ៌កំបាំង ដែលនេះ វាបានពង្រីកភាពទាក់ទាញ និងមុខមាត់របស់លោក ក្នុងនាមជាមេដឹកនាំប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា « ប្រវត្តិបដិវត្តរបស់សមមិត្ត គីមជុងអ៊ុន» គឺជាជីវប្រវត្តិផ្លូវការថ្មីរបស់មេដឹកនាំ គណបក្សពលករកូរ៉េ គីមជុងអ៊ុន។ សៀវភៅបង្ហាញអំពីជីវប្រវត្តិមេដឹកនាំនេះ ត្រូវបានបោះពុម្ពផ្សាយដើម្បីរំលឹកខួបលើកទី ៧៥ នៃការបង្កើតគណបក្សគ្រប់គ្រងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមកាសែត The Telegraph ។

ជីវប្រវត្តិរបស់លោកគីមភាគច្រើន ផ្តោតលើរយៈពេលជាច្រើនឆ្នាំ ដែលលោកបានចំណាយនៅ សាកលវិទ្យាល័យយោធា គីមអ៊ីលស៊ុងនៅទីក្រុងព្យុងយ៉ាង ដោយមិនបាននិយាយពីពេលវេលា របស់លោកនៅឯសាលា Liebefeld-Steinhölzli របស់ប្រទេសស្វីស ក្នុងឆ្នាំ ១៩៩៦ឡើយ ចំពេលមានគ្រោះទុរ្ភិក្សដ៏សាហាវ នៅប្រទេសកូរ៉េខាងជើង។

សៀវភៅនេះក៏បានបង្វែរការមើល មិនឃើញទៅប្រភពដើមរបស់ម្តាយរបស់គីម គឺ កូយ៉ុងហ៊ី ដែលត្រូវបានគេជឿថា បានកើតនៅក្នុងប្រទេសជប៉ុន ដោយឪពុកជនជាតិកូរ៉េនិងម្តាយជនជាតិជប៉ុន។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនដែលនិយាយថា លោកស្រី កូយ៉ុងហ៊ី កើតនៅប្រទេសជប៉ុនទេ ដោយសារប្រព័ន្ធវណ្ណៈដែលចាត់ទុក ប្រជាជនជប៉ុនជាសត្រូវនិងអ្នកឈ្លានពាន។

លោកគីមជុងអ៊ុន កើតនៅថ្ងៃទី៨ ខែមករាឆ្នាំ ១៩៨៤ ។ លោកបានទទួលមរតក នៃការគ្រប់គ្រងប្រទេសនៅឆ្នាំ ២០១១ នៅពេលឪពុករបស់លោកគឺលោកគីមជុងអ៊ីល បានទទួលមរណភាព។ ប្អូនស្រីពៅរបស់លោកគឺលោកស្រី គីមយូជុង ត្រូវបានបង្ហាញជាញឹកញាប់ថា ជាអ្នកស្នងសក្តានុពលពីលោក គីម ជុងអ៊ុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top