ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្ដិសុខយូអិន សម្ដែងការព្រួយបារម្ភ ពីការគំរាមកំហែង ភេរវកម្ម នៅទ្វីបអាហ្វ្រិក

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  កាលពីថ្ងៃសុក្របានសម្តែងការព្រួយបារម្ភ  ចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះសន្តិភាព និងសន្តិសុខដែលបង្កឡើងដោយអំពើភេរវកម្ម និងភាពជ្រុលនិយមដ៏សាហាវនៅលើទ្វីបអាហ្វ្រិក។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដែលត្រូវបានអនុម័តបន្ទាប់ពីការជជែកវែកញែកកម្រិតខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហភាពអាហ្រ្វិក (AU) ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមបន្ថែមទៀតដើម្បី បង្កើនប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងទាំងមូល ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនៅលើកម្រិតពិភពលោក។

ក្រុមប្រឹក្សានេះបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិកអាហ្វ្រិកនិងអង្គការអនុតំបន់ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងភាពជ្រុលនិយម។

ក្រុមប្រឹក្សាសន្តិសុខក៏បានសម្តែង ការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅលើទ្វីបនេះរួមមានការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ ការបំផ្លាញជីវិត និងហានិភ័យនៃភាពអត់ឃ្លាន និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយមនុស្សធម៌ ឆ្លើយតបនឹងវិបត្តិទាំងនេះ៕

To Top