ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា លោក Sergei Sobyanin អភិបាលក្រុងម៉ូស្គូ បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋធានីរបស់រុស្ស៊ី បានដាក់កម្មវិធីផ្តល់ភាពសុំាដល់ពលរដ្ឋទ្រង់ទ្រាយធំ ប្រឆំាងនឹងវីរុសកូរ៉ូណា ។
លោក Sobyanin បានលើកឡើងនៅក្នុងប្លុករបស់គាត់ថា ក្រុមគ្រូពេទ្យ គ្រូបង្រៀន និងបុគ្គលិកសេវាសង្គម នឹងត្រូវទទួលបានវ៉ាក់សាំងដំបូងគេ ដែលពួកគេភាគច្រើនជាក្រុមប្រឈមនឹងគ្រោះថ្នាក់ និងពលរដ្ឋជាង៥.០០០នាក់ បានចុះក្នុងបញ្ជីរួចរាល់ហើយ ។
គាត់បានលើកឡើងថា កាលពីថ្ងៃព្រហស្បតិ៍ ការចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ នៅក្នុងទីក្រុងបានបើកដំណើរការនៅថ្ងៃសុក្រ នៅគ្រាដែលការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមឡើង ។
រុស្ស៊ី បានកត់ត្រា ដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន២៧.៤០៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២.៤០២.៩៤៩នាក់ ។
ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរបស់រុស្ស៊ី ដែលបានរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន៦.៨៦៨នាក់ កាលពីថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៦៣២.០៥៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា