ព័ត៌មានអន្តរជាតិ

ប្រេសិតជាន់ខ្ពស់ អាមេរិក ទទួលបន្ទុកកិច្ចការ កូរ៉េខាងជើង នឹងធ្វើទស្សនកិច្ច ទីក្រុងសេអ៊ូល នៅសប្ដាហ៍នេះ

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun ដែលជាបុរសដ៏សំខាន់ របស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចចរចានុយក្លេអ៊ែ ជាមួយប្រទេសកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចទីក្រុងសេអ៊ូល នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចមានរយៈពេល៤ថ្ងៃមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Stephen Biegun នឹងជួបជាមួយមន្ត្រីកូរ៉េខាងត្បូងនានា ដើម្បីពិភាក្សាគ្នាអំពីសម្ពន្ធភាព អាមេរិក និងសាធារណរដ្ឋកូរ៉េ និងការប្តេជ្ញារួមគ្នា ចំពោះសន្តិសុខ ស្ថិរភាពនិងវិបុលភាព នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការបន្តសម្របសម្រួល យ៉ាងជិតស្និទ្ធ ស្តីពីបញ្ហាកូរ៉េខាងជើង។

ចំណែកក្រសួងការបរទេស កូរ៉េខាងត្បូង បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទនេះថា របៀបវារៈរបស់លោក Stephen Biegun រួមមានកិច្ចជំនួប ជាមួយសមភាគី របស់លោក ស្តីពីកិច្ចការកូរ៉េខាងជើង ប្រធានមន្ត្រី ចរចានុយក្លេអ៊ែ លោក Lee Do-hoon ក៏ដូចជាពិសាអាហារពេលល្ងាច នាថ្ងៃសុក្រ ជាមួយរដ្ឋមន្ត្រីការបរទេស លោក Kang Kyung-wha៕

ប្រែសម្រួល៖ប៉ាង កុង

To Top