ព័ត៌មានអន្តរជាតិ

តួកគីអំពាវនាវ ឲ្យសហភាពអឺរ៉ុប ធ្វើសកម្មភាព ជាមួយសុភវិនិច្ឆ័យ

បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសតួកគី ចង់ធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយសហភាពអឺរ៉ុប ដោយផ្អែកលើមូលដ្ឋាន នៃភាពជាសមាជិកពេញលេញ និងបានបន្ថែមថា បញ្ហារវាងពួកគេ អាចនឹងត្រូវដោះស្រាយបាន ប្រសិនបើសហភាពអឺរ៉ុបធ្វើសកម្មភាពនានាជាមួយនឹងសុភវិនិច្ឆ័យ នៅក្នុងជំនួបកំពូលនាសប្ដាហ៍នេះ និងពេលផ្សេងទៀត។

ថ្លែងប្រាប់សហសន្និសីទកាសែតមួយ ជាមួយរដ្ឋមន្ត្រី ការបរទេស ហុងគ្រី លោក Peter Szijjarto នៅក្នុងទីក្រុងអង់ការ៉ា លោក Mevlut Cavusoglu បានមានប្រសាសន៍ថា ប្រទេសក្រិក បានបន្តវិធានការបង្កហេតុនានា នៅក្នុងតំបន់ បើទោះជាតួកគីប្រឹងប្រែងប្រើប្រាស់ការទូតក៏ដោយ ហើយលោកបន្ថែមថា ទីក្រុងអង់ការ៉ារំពឹងទុកថា សហភាពអឺរ៉ុប នឹងដើរតួអ្នកសម្របសម្រួលដ៏ស្មោះត្រង់និងប្រកបដោយគោលបំណង នៅក្នុងជម្លោះ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីសហភាពអឺរ៉ុបនានា បាននិយាយថា ប្រទេសតួកគី បានបរាជ័យ ក្នុងការជួយដោះស្រាយ ជម្លោះមួយ ជាមួយសមាជិក សហភាពអឺរ៉ុប គឺប្រទេសក្រិក និងសាធារណរដ្ឋស៊ីប ជុំវិញរឿងធនធាន ឧស្ម័នធម្មជាតិ នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ប៉ុន្តែពួកគេបានទុកធ្វើការសម្រេចចិត្ត លើការដាក់ទណ្ឌកម្ម នៅក្នុងជំនួបកំពូល សហភាពអឺរ៉ុប នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ ៕

ប្រែសម្រួល៖ប៉ាង កុង

To Top