Covid-19

រុស្ស៊ីនិយាយថា កូរ៉េខាងជើងបង្កើនការ បង្ហាញព័ត៌មានស្តីពីកូវីដ១៩ និងការធ្វើចត្តាឡីស័ក

បរទេស៖ យោងតាមស្ថានទូតរុស្ស៊ី បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង កំពុងតែពង្រឹងដំណើរការធ្វើចត្តាឡីស័ក និងបង្ហាញព័ត៌មានស្តីពីជម្ងឺកូវីដ១៩ សម្រាប់មន្ត្រីការទូតបរទេសនានា ដែលនៅតែមានវត្តមាន នៅក្នុងទីក្រុងព្យុងយ៉ាង ។

ស្ថានទូតរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះ លើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា អាជ្ញាធរកូរ៉េខាងជើង ទើបបានបញ្ជូនសេចក្តីជូនដំណឹងផ្លូវការមួយ ឲ្យដល់បេសកកម្មបរទេសទាំងអស់ ដោយប្រាប់ពួកគេ អំពីបច្ចុប្បន្នភាពនៃវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។

យោងតាមកាសែតកូរ៉េខាងត្បូង Donga Ilbo ស្ថានទូតរុស្ស៊ីបាននិយាយបញ្ជាក់ប្រាប់ថា ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើង កំពុងតែធ្វើការត្រួតពិនិត្យមើលកម្តៅ នៅតំបន់ជិតបេសកកម្មបរទេស ក្នុងទីក្រុងព្យុងយ៉ាង និងតាមច្រកចូលស្ថានទូតចិន និងស្ថានទូតរុស្ស៊ីផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top