បរទេស៖ មន្ទីរប៉ង់តាហ្គោនអាមេរិក បានធ្វើសេចក្តីព្រាងបញ្ជីឈ្មោះនៃក្រុមមនុស្សដែលនឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដំបូងគេ ដោយផ្តល់អាទិភាពដល់បុគ្គលិកថែទាំសុខភាព ហើយបន្ទាប់មក គឺអ្នកដែលមាន “ សមត្ថភាពសំខាន់ៗសម្រាប់ប្រទេសជាតិ” ដែលនឹងរួមបញ្ចូលទាំង កម្លាំងនុយក្លេអ៊ែររបស់ប្រទេស អង្គភាពយោធាវរជន និងមេដឹកនាំជាន់ខ្ពស់មន្ទីរបញ្ចកោណ ។ នេះបើយោងតាមមន្រ្តីការពារជាតិពីររូប ដែលដឹងអំពីបញ្ជីនេះ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមមន្រ្តីបាននិយាយថាក្រសួងការពារជាតិ នឹងទទួលបានការចាក់វ៉ាក់សាំងនេះ ហើយត្រូវបានគេប្រគល់ ភារកិច្ចទទួលខុសត្រូវ ក្នុងការសម្រេចថា តើអ្នកណានឹងទទួលថ្នាំ បង្ការនេះ។
យោធាត្រូវបានគេរំពឹងថា នឹងទទួលបាននូវវ៉ាក់សាំង តិចជាងចំនួន បុគ្គលិកយោធា និងស៊ីវិល ដែលបម្រើការនៅក្រសួងការពារជាតិសហរដ្ឋអាមេរិក ដូច្នេះនេះមានន័យថា ពួកគេត្រូវផ្តល់អាទិភាព ដែលនឹងទទួលបាននូវវ៉ាក់សាំង ការពារវីរុស នៅដូសដំបូង។
បញ្ជីរាយនាមមេដឹកនាំ ជាន់ខ្ពស់ ដែលត្រូវទទួលវ៉ាក់សាំងនេះទំនងជារួមមានលោក Christopher Miller រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ និងប្រធានអគ្គសេនាធិការ ចម្រុះលោកឧត្តមសេនីយ៍ Mark Milley ។
មេដឹកនាំជាន់ខ្ពស់ ផ្សេងទៀត ក៏ត្រូវបានផ្តល់អាទិភាពមុនគេផងដែរ ដោយសារតែអាយុ ប៉ុន្តែពួកគេក៏មានហានិភ័យខ្ពស់ ពីវីរុសផងដែរ ពីព្រោះពួកគេមានភាពចំណាស់ ជាងសមាជិកយោធាមធ្យម៕
ប្រែសម្រួលៈ ណៃ តុលា