បរទេស៖ ពីមុនក្រុមហ៊ុន AstraZeneca បានដាក់ពាក្យសុំការអនុម័តវ៉ាក់សាំង របស់ខ្លួននៅចក្រភពអង់គ្លេស ប៉ុន្តែ ទីភ្នាក់ងារនីយតករផលិតផលថែរក្សាសុខភាព និងវេជ្ជសាស្រ្តចក្រភពអង់គ្លេស (MHRA) នៅតែកំពុងស្រាវជ្រាវទិន្នន័យអំពីថ្នាំនេះ។ លើសពីនេះទៀតក្រុមហ៊ុនបានកត់សម្គាល់ថា ខ្លួននឹងដំណើរការសាកល្បងវ៉ាក់សាំង បន្ថែមទៀតដើម្បីធ្វើឱ្យអត្រាប្រសិទ្ធភាព របស់វាមានប្រសិទ្ធិភាពខ្ពស់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស – ស៊ុយអែត បានទទួលយកការផ្តល់ជូនពីវិទ្យាស្ថាន Gamaleya របស់ប្រទេសរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីពិនិត្យមើលថាតើវ៉ាក់សាំង COVID-19 ទាំងពីរអាចត្រូវបានបញ្ចូលគ្នា ដោយជោគជ័យ។
សេចក្តីថ្លែងការណ៍របស់ RDIF បានឱ្យដឹងថា «បន្ទាប់ពីលទ្ធផលបឋមនៃការ សាកល្បងគ្លីនិករបស់វ៉ាក់សាំង Sputnik V បានបង្ហាញពីប្រសិទ្ធភាពរបស់វាលើសពី ៩០ ភាគរយ មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព របស់ប្រទេសរុស្ស៊ី) និងវិទ្យាស្ថាន Gamaleya នៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២០ បានផ្តល់ជូនក្រុមហ៊ុន AstraZeneca ក្នុងការប្រើប្រាស់សមាសធាតុមួយ ក្នុងចំណោមសមាសធាតុទាំងពីរ នៃវ៉ាក់សាំង Sputnik V ក្នុងការសាកល្បងគ្លីនិករបស់ AstraZeneca។
អត្ថាធិប្បាយអំពីវ៉ាក់សាំង AZ នាយកវិទ្យាស្ថានស្រាវជ្រាវ Gamaleya លោក Alexander Gintsburg បានកត់សម្គាល់ថា វាមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ទេ ប៉ុន្តែអាចត្រូវបានធ្វើឱ្យប្រសើរឡើង ដោយមានសមាសធាតុផ្សំពីររបស់ Sputnik V។
វ៉ាក់សាំងនេះត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុន AstraZeneca ដោយសហការជាមួយសាកលវិទ្យាល័យ Oxford បានបង្ហាញពីប្រសិទ្ធភាព ៦២% ខណៈពេលដែលថ្នាំរបស់ រុស្ស៊ីបង្ហាញពីប្រសិទ្ធិភាពជាង ៩៥% ៕
ប្រែសម្រួលៈ ណៃ តុលា
