Covid-19

ប្រទេសចំនួន៣ ព្រមព្រៀងគ្នាឆ្លើយតប នឹងរោគរាតត្បាត និងជំរុញការចែកចាយវ៉ាក់សាំងកូវីដ-១៩

សេអ៊ូល៖ ក្រសួងសុខាភិបាល និងសុខុមាលភាពបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ចិន និងប្រទេសជប៉ុន បានយល់ព្រមកាលពីថ្ងៃសុក្រ ដើម្បីធ្វើការរួមគ្នាដើម្បីឆ្លើយតប ទៅនឹងការឆ្លងរាតត្បាតមេរោគ និងជំរុញការចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានលក្ខណៈអន្តរជាតិ។

រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំង៣ បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីបានធ្វើកិច្ចពិភាក្សាប្រចាំឆ្នាំ របស់ពួកគេតាមរយៈតំណភ្ជាប់វីដេអូ។

ភាគីទាំង៣ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការអភិវឌ្ឍឧបករណ៍ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំង។

ក្រសួងបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានណែនាំប្រព័ន្ធតាមដានព័ត៌មានវិទ្យា ដែលមានមូលដ្ឋានលើបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាការធ្វើតេស្តឧបករណ៍ និងការព្យាបាល ដោយប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត ៕

ដោយ ឈូក បូរ៉ា

To Top