បរទេស៖ តុលាការប្រជាជនទីក្រុង ហាណូយ កាលពីថ្ងៃសុក្រ បានផ្តន្ទាទោសលោក Nguyễn Đức Chung អាយុ ៥៣ ឆ្នាំ ជាអតីតប្រធានគណៈកម្មាធិការប្រជាជនក្រុង (អតីតអភិបាលក្រុងហាណូយ) ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំក្រោមការចោទប្រកាន់ពីបទ «ប្រើខុសទិសដៅនូវឯកសារសម្ងាត់របស់រដ្ឋ (លួចឯកសាររដ្ឋ)»។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Phạm Quang Dũng ជាអតីតមន្រ្តីនៅនាយកដ្ឋានប៉ូលីស ស៊ើបអង្កេតសម្រាប់អំពើពុករលួយ ការរត់ពន្ធ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ច ក្រោមក្រសួងសន្តិសុខសាធារណៈ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ៦ ខែ ខណៈដែល លោក Nguyễn Hoàng Trung អតីតមន្រ្តីប៉ូលីសនៅនាយកដ្ឋានសន្តិសុខសាធារណៈ និងជាអ្នកបើកបរឱ្យលោក Chung , លោក Nguyễn Anh Ngọc អតីតអនុប្រធានផ្នែកសន្តិសុខសាធារណៈស្រុក Cầu Giấy និងត្រូវបានចាត់ឱ្យទៅធ្វើការ នៅការិយាល័យគណៈកម្មាធិការ ប្រជាជនក្រុងហាណូយ ក៏ត្រូវទទួលការផ្តន្ទាទោសដាក់ពន្ធនាគារ ២៤ ខែនិង ១៨ ខែរៀងៗខ្លួន។
ជនជាប់ចោទទាំង ៣ នាក់ក៏ត្រូវបានផ្តន្ទាទោសពីបទ“ ប្រើប្រាស់ខុសទិសដៅនូវឯកសារសម្ងាត់របស់រដ្ឋ” តាមមាត្រា ៣៣៧ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ ៕
ប្រែសម្រួលៈ ណៃ តុលា
